រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយបុរសវ័យចំណាស់ម្នាក់ ត្រូវបានស្លាប់មុនបញ្ជូនទៅដល់មន្ទីរពេទ្យ ខណៈជិះម៉ូតូតាមដងផ្លូវសុខៗ ស្រាប់តែដួលម៉ូតូដោយខ្លួនឯង បាត់មាត់ បាត់ក ស្តូកស្តឹងតែម្តង កាលពីវេលាម៉ោង៤ និង១៥ នាទីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចផ្លូវ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ត្រាំង គឹក អាយុ៨២ឆ្នាំ រស់នៅម្តុំផ្សារតាប៉ាងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសវ័យចំណាស់ម្នាក់ បានជិះម៉ូតូគុបជ្រុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1AJ-0832 តែម្នាក់ឯង ពីត្បូងទៅជើងលុះដល់ចំណុចកើតហេតុ មិនដឹងជាគាត់កើតអីនោះទេ បានឈប់ម៉ូតូស្ងៀម ហើយក៏ដួលមួយជំហរ ដោយខ្លួនឯង បាត់មាត់ បាត់ក ស្តូកស្តឹងតែម្តង ត្រូវបានប្រជាពលរដ្ឋ បញ្ជូនតាមរថយន្តសាមុយ ទៅសង្គ្រោះតែអកុលស ជនរងគ្រោះបានស្លាប់មុនបញ្ជូនទៅដល់មន្ទីរពេទ្យទៅហើយ ទើបដឹកសពជនរងគ្រោះ មកកន្លែងដើមវិញ ដើម្បីរង់ចាំសមត្ថកិច្ចជំនាញ ធ្វើកោសល្យវិច័យទៅលើសាកសពជនរងគ្រោះ ដោយបានឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង និងបានប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ មេសា