រាជធានីភ្នំពេញ ៖ ផ្អើលប្រជាពលរដ្ឋនាំគ្នាយកកាន និងធុង មកត្រង យកប្រេងម៉ាស៊ូត ដែលធ្លាយពីស៊ីទែនរថយន្តមួយគ្រឿង ខណៈបើកសុខៗ បានដាច់កង់ក្រោយ បុកម៉ូតូបុរសម្នាក់ កំពុងជិះឌុបលក់កាំបិតពូថៅរបួសស្រាល ហើយក៏មានរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ត្រៀមឈរជើងនៅចំណុចកើតហេតុ ដើម្បីទប់ស្កាត់ស្ថានការណ៍បន្ទាន់ ចៀសវាងមានការឆាបឆេះឡើងបង្កជាគ្រោះថ្នាក់ជាយថាហេតុ កាលពីវេលាម៉ោង ១០ និង៣០នាទី ព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចខាងកើតគល់ស្ពានលីយ៉ុផាត ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលគេឃើញរថយន្តមួយគ្រឿងដឹកប្រេងរបស់ក្រុមហ៊ុនសាវីម៉ិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-9368 បើកឡើងស្ពានលីយ៉ុងផាត់ ពីលិចទៅកើត លុះមកដល់ក្បាលស្ពានខាងកើត រថយន្កបានដាច់កង់ក្រោយចំហៀងខាងស្តាំ រមៀលទៅបុក
ម៉ូតូបុរសម្នាក់ ដែលជិះលក់កាំបិតពូថៅ បណ្តាលឲ្យខូចខាត និងអ្នកបើកបរម៉ូតូនោះរបួសស្រាល ហើយរថយន្តក៏បានផ្អៀងបុកទៅនឹងថ្នល់ ទើបបាក់បាក់ក្បាលរ៉ូមីណេហូរប្រេងរាប់ពាន់លីត្រ ផ្អើលប្រជាពលរដ្ឋនាំគ្នាយកកាន និងធុង មកត្រង យកប្រេងម៉ាស៊ូត ដោយមិនខ្លាចគ្រោះថ្នាក់ទាល់តែសោះ ហើយក៏មានរថយន្តមួយគ្រឿងទៀត មកផ្ទេរប្រេងចេញពីរថយន្តនោះ ។
ភ្លាមៗគេក៏ឃើញសមត្ថកិច្ចមូលដ្ឋាន និងកងកម្លាំង រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ត្រៀមឈរជើងនៅចំណុចកើតហេតុ ដើម្បីទប់ស្កាត់ស្ថានការណ៍បន្ទាន់ និងលាងបាញ់សម្អាតផ្លូវ ចៀសវាងមានការឆាបឆេះឡើងបង្កជាគ្រោះថ្នាក់ជាយថាហេតុ ៕ មេសា