ខេត្តព្រះសីហនុ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយបណ្តាលឲ្យបុរសម្នាក់ ស្លាប់ក្នុងថ្លុកឈាម នៅនឹងកន្លែងកើតហេតុភ្លាមៗយ៉ាងអណោចអធ័ម កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ នៅចំណុច បណ្ដោយវិថីតេជោសែនជ័យ (អតីតផ្លូវអាឡាំងដឺឡុ) ក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅជិតកន្លែងកើតហេតុ បានប្រាប់ក្រុមការងារ TVFB ឲ្យដឹងថា គាត់បានឮសូរសំឡេងលាន់ផាំងប្រាវ តែម្តង គាត់ក៏ស្ទុះរត់មកមើល ស្រាប់តែឃើញបុរសម្នាក់ដេកផ្កាប់មុខ ក្នុងថ្លុកឈាម នៅជិតបង្គោលភ្លើងបំភ្លឺផ្លូវ ដោយពុំមានរថយន្ដណាផ្សេងទេ ។
ជុំវិញករណីនេះ សមត្ថកិច្ចចរាចរណ៍ផ្លូវបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ព្រហ្ម ម៉ាញ ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅក្នុងភូមិអូរចំណា ជាបុគ្គលិកក្រុមហ៊ុនក្រឡុកបេតុងជីបម៉ុង ដោយគាត់បានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1W-2524 ។
ក្រោយពីកើតហេតុ សមត្ថកិច្ចចរាចរណ៍ផ្លូវគោក បានទំនាក់ទំនងសាច់ញាតិជនរងគ្រោះ ដើម្បីមកទទួលយកសពតាមរយៈរថយន្ដសាមុយ ដែលដឹកទៅផ្ទះ រីឯម៉ូតូ ត្រូវបានសមត្ថកិច្ចចរាចរណ៍ផ្លូវគោក យកទៅរក្សាទុកដើម្បីរង់ចាំក្រុមគ្រួសារមកយក ៕ សំណាង