រយៈពេល៣០ថ្ងៃ នគរបាលប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ បង្រ្កាបបទល្មើស៧១ករណី ឃាត់ខ្លួនជនសង្ស័យ១២៤នាក់ និងដកហូតគ្រឿងញៀន ជិត១គីឡូក្រាម
សន្តិសុខសង្គម
129

រាជធានីភ្នំពេញ ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក្នុ ងរយៈពេល៣០ថ្ងៃ បានចេញប្រតិបត្តិការនៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦ ដោយចេញបង្រ្កាបបានបទល្មើសគ្រឿងញៀន ៧១ករណី ឃាត់ខ្លួនជនសង្ស័យគ្រឿងញៀន ១២៤នាក់ និងដកហូតវត្ថុតាងគ្រឿងញៀន ជិត១គីឡូក្រាម។ លទ្ធផលប្រតិបត្តិការបង្រ្កាបគ្រឿងញៀនខាងលើ កម្លាំងនគរបាលរាជធានីភ្នំពេញ ធ្វើឡើងក្នុងខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ។ នេះបើយោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ ។

លោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់នៅរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ឱ្យដឹងថា ៖ លទ្ធផលបង្រ្កាបបទល្មើសគ្រឿងញៀនទាំងនេះ គឺកម្លាំងតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងការិយាល័យជំនាញបានសហការគ្នាក្នុងការចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្នុងរាជធានីភ្នំពេញ ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីលើកកម្ពស់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមឱ្យ បានប្រសើរឡើង។ នៅទន្ទឹមដែលគេមើលឃើញថា បទល្មើសគ្រឿងញៀនជាបញ្ហាប្រឈមបំផុតបង្កអសន្តិសុខសង្គម ដែលជាប្រភពបញ្ហាបង្កឱ្យកើតមានដូចជាបទល្មើស លួចឆក់ ប្លន់ អំពើហឹង្សា និងបទល្មើសផ្សេងទៀតផងដែរ។

លោកនាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ប្រាប់ឱ្យដឹងទៀតថា៖ កិច្ចការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្នុងរាជធានីភ្នំពេញ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងនោះមានការដឹកនាំបញ្ជាកម្លាំងផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន តែងតែចេញប្រតិបត្តិការបង្ការទប់ស្កាត់បទល្មើសគ្រឿងញៀន ជាប្រចាំ អនុវត្តនៅគ្រប់គោលដៅដែលមានបញ្ហាស្មុគស្មាញដោយគ្រឿងញៀន និងគោលដៅដែលមានការសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសគ្រឿងញៀនខុសច្បាប់។

លោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យដឹងទៀតថា៖ ការងារបង្ការទប់ស្កាត់គ្រឿងញៀននេះផងដែរ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន ក៏បានដាក់ចេញនូវវិធានការ ៤ចំណុច ដើម្បីចូលរួមអនុវត្ត នៃផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ឱ្យកាន់តែមានប្រសិទ្ធភាពដោយវិធានការទាំង ៤ចំណុចនោះរួមមាន៖ ១,វិធានការអប់រំ គឺជាការងារផ្សព្វផ្សាយយល់ដឹងអំពីខ្លឹមសារផលប៉ះពាល់ និងបង្កគ្រោះថ្នាក់ពីបញ្ហាគ្រឿងញៀនជូនដល់សិស្ស, និស្សិត ,កម្មករ ក៏ដូចជាមុខសញ្ញាងាយរងគ្រោះផ្សេងទៀតត្រូវឱ្យពួកគាត់ចៀសឱ្យផុតពីគ្រឿងញៀន។ ទី២,វិធានការរដ្ឋបាល គឺកម្លាំងសមត្ថកិច្ចជំនាញបានចុះធ្វើរដ្ឋបាលនៅគោលដៅដែលងាយរងគ្រោះមកធ្វើការណែនាំ អប់រំនិងឱ្យធ្វើកិច្ចសន្យា ក្នុងការចូលរួមសហការជាមួយសមត្ថកិច្ច ដើម្បីបង្ការទប់ស្កាត់បទល្មើសគ្រឿងញៀន ដែលអាចកើតឡើងដូចជា៖ នៅតាមបន្ទប់ជួល, ផ្ទះសំណាក់ និងទីតាំងកម្សាន្តផ្សេងៗ។ ទី៣,វិធានការច្បាប់ គឺអនុវត្តបង្រ្កាបជាក់ស្តែង និងការស្រាវជ្រាវរកមុខសញ្ញាដែលធ្វើសកម្មភាពប្រព្រឹត្តបទល្មើសគ្រឿងញៀនខុសច្បាប់ ដើម្បីចាប់ឃាត់ខ្លួនជនប្រព្រឹត្តយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់។ ទី៤,វិធានការព្យាបាល និងស្តានីតិសម្បទាអនុវត្តចំពោះជនរងគ្រោះពីគ្រឿងញៀន ដោយបញ្ជូនអ្នកញៀនគ្រឿងញៀនទៅព្យាបាលនៅតាមបណ្តាមជ្ឈមណ្ឌលព្យាបាល និងស្តានីតិសម្បទានានា និងការបញ្ជូនអព្យាបាលអប់រំនៅក្នុងសហគមន៍ជាដើមនោះផងដែរ៕


Telegram