ខេត្តបាត់ដំបង ៖ ក្រោយមានការផ្ទុះអាវុធ បាញ់ជាង ២០គ្រាប់ នៅក្នុងស្រុកសំឡូត កាលពី៣ថ្ងៃមុន ពេលនេះសមត្ថកិច្ចបានប្រទះឃើញកាំភ្លើងរបស់ខ្មាន់កាំភ្លើងនោះហើយ ដែលចោលក្នុងគុម្ពព្រៃចម្ងាយពីផ្ទះ២គីឡូម៉ែត្រ នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ។
លោកអធិការស្រុកសំឡូត បានឲ្យដឹងថា កាំភ្លើងនេះ ត្រូវបានកម្លាំងសមត្ថកិច្ចប្រមាណ៥០នាក់ ដែលចេញប្រតិបត្តិការរុករកតាមចាប់ក្នុងព្រៃ រយៈពេលប៉ុន្មានថ្ងៃជាប់គ្នានេះ បានប្រទះឃើញ ក្នុងព្រៃ ដែលជនសង្ស័យជាខ្មាន់កាំភ្លើងនោះ បានលាក់ក្នុងព្រៃ ពេលដែលរត់គេចខ្លួនពេលធ្វើសកម្មភាពរួច ។
លោកអធិការបន្តថា កាំភ្លើងនេះ ជាប្រភេទK47 ស្វាយបត់ ដែលមានគុណភាពល្អ៨០ភាគរយ ដោយគ្មាននណារដឹងថាបុរសនេះមានកាំភ្លើងនេះតាំងពីពេលណានោះទេ តែសាច់ញាតិរបស់បុរសខាងលើ ប្រាប់សមត្ថកិច្ចថា កាំភ្លើងនេះទំនងជាលាក់ទុក តាំងពីឆ្នាំ២០០០មកម៉្លេះ លុះថ្ងៃកើតហេតុ ផឹកស្រវឹង ក៏យកមកបាញ់ឡើងលើជាង២០គ្រាប់បែបនេះ។
សូមរំលឹកផងដែរថា មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈបុរសជាឪពុកក្មេកម្នាក់ បានផឹកស្រវឹងជោកជាំ ស្រាប់តែទាញកាំភ្លើង យកមកបាញ់ឡើងលើ ជាង២០គ្រាប់ រួចរត់គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងភូមិអូរស្ងួត ឃុំតាសាញ ស្រុក សំឡូត ខេត្តបាត់ដំបង ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ជនបង្ក ជាអ្នកបាញ់បោះខាងលើ ដែលជាឪពុកក្មេករូបនោះ ហើយករណីនេះ កើតឡើងដោយសារតែការផឹកស្រវឹង ក៏បានប្រើប្រាស់អាវុធ ខុសច្បាប់ប្រភេទ AK-47 បាញ់ជាង២០គ្រាប់ ឡើងលើ រួចហើយនោះ ជនបង្កជាខ្មាន់កាំភ្លើង ក៏រត់ចូលព្រៃក្រាសៗបាត់ ដោយសមត្ថកិច្ចបានរកឃើញ សំបក គ្រាប់ ដែល បាញ់ រួចចំនួន ២១ គ្រាប់ នៅទីតាំងកើតហេតុ។
លោក អធិការនគរបាលស្រុកសំឡូត បានបញ្ជាក់ប្រាប់TVFB ឲ្យដឹងថា សមត្ថកិច្ចពាក់ព័ន្ធ កំពុងតែ ដុតដៃ ដុតជើង ស្រាវជ្រាវតាមចាប់ខ្មាន់កាំភ្លើងខាងលើ យ៉ាងប្រុងប្រយត្ន័ ព្រោះខ្មាន់កាំភ្លើងនោះ បានរត់ទៅដោយមានកាំភ្លើងនោះទៅជាមួយ ដែលជាការព្រួយបារម្ភរបស់សមត្ថកិច្ច ។ ប៉ុន្តែពេលនេះសមត្ថកិច្ចបានរកឃើញកាំភ្លើងនោះហើយ នៅសល់តែជនល្មើសប៉ុណ្ណោះ ដែលរហូតមកទល់ពេលនេះ សមត្ថកិច្ច ក៏នៅតែបន្ត តាមរុករកជនល្មើសនោះ ដើម្បីយកមកចាត់ការតាមច្បាប់ ៕