លោកអភិបាលស្រុកភ្នំស្រួច ព្រមានចាត់វិធានការតាមច្បាប់ ចំពោះម្ចាស់រោងចក្រសហគ្រាសណា ដែលដឹកកាកសំណល់ស្បែកជើង សម្លៀកបំពាក់ និងរបស់របរផ្សេងទៀត មកចោលគរដូចភ្នំសំរាម
ខេត្តកំពង់ស្ពឺ ៖ កាកសំណល់សម្លៀកបំពាក់ ស្បែកជើង ជ័រ ស្នោរ របស់សហគ្រាសមួយចំនួន ដែលដឹកយកមកគរចោល ដូចភ្នំ នៅក្នុងភូមិសាស្ត្រ ស្រុកភ្នំស្រួច ត្រូវបានលោក ហន ពិសិដ្ឋ អភិបាល នៃគណៈអភិបាលស្រុកភ្នំស្រួច ព្រមានសុំគោលការណ៍ថ្នាក់ដឹកនាំធ្វើការផាកពិន័យតាមច្បាប់ ។
ក្នុងនោះ យោងតាមផេកផ្លូវការរបស់ លោក ហន ពិសិដ្ឋ អភិបាល នៃគណៈអភិបាលស្រុកភ្នំស្រួច ដែលបានបង្ហោះនៅវេលាម៉ោង ៣និង៣៩នាទី រសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញនេះ បានឲ្យដឹងថា« សូមជំរាបជូនម្ចាស់សហគ្រាសកាត់ដេរទាំអស់ជ្រាបថា ទីតាំងស្រុកភ្នំស្រួច មិនមែនជាទីលានចាក់សំរាម សម្រាប់រោងចក្រកាត់ដេរនោះទេ ករណីនេះរដ្ឋបាលស្រុក បានសុំគោលការណ៍ថ្នាក់ដឹកនាំខេត្ត ធ្វើការពិន័យ នឹងដោះស្រាយដោយសហការជាមួយមន្ទីរបរិស្ថានខេត្ត » ។
ដូច្នេះសូមមេត្តាជ្រាប ៕