ខេត្តកំពត ៖ អគ្គិភ័យមួយបានឆាបឆេះហាងលក់ម៉ូតូ ហុងដា លី ប៉េង ទាំងព្រឹកព្រលឹម ឆេះខូចខាតម៉ូតូអស់ចំនួន ៥៧គ្រឿង ខ្ទេចរថយន្ត២គ្រឿង ផ្អើលរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចុះបាញ់ពន្លត់ កាលពីវេលាម៉ោង ៦និង២០នាទីព្រឹក ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចផ្លូវជាតិលេខ៣ ក្បែរផ្សារសាមគ្គី ខេត្តកំពត ភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ។ នេះបើយោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ លី ប៉េង ភេទ ប្រុស អាយុ ៦០ ឆ្នាំ ខូចខាតផ្ទះជាន់ក្រោមខូចខាត ៣០% ។
ភ្លាមៗគេឃើញមានវត្តមាន លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានដឹកនាំកម្លាំងជាច្រើននាក់ ចុះដល់ទីតាំងកើតហេតុ ដើម្បីអន្តរាគមន៍ជួយសង្គ្រោះ ដោយបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន៣គ្រឿង បាញ់ទឹក៦ស៊ីទែន ទើបរលត់ទៅវិញនៅវេលាម៉ោងជាង៨ព្រឹកថ្ងៃដដែល មិនបណ្តាលឲ្យរាលដាល ដល់ផ្ទះអ្នកជិតខាងឡើយ គ្រាន់តែរងការខូចខាតម៉ូតូ ចំនួន ៥៧គ្រឿង និងរថយន្ត ២គ្រឿង ម៉ាកឡិចស៊ីស ៥៧០ ចំនួន ០១គ្រឿង រថយន្ត ហុងដា CRV 2020 ចំនួន ០១គ្រឿង។ ចំណែកទំហំខូចខាតគិតជាទឹកប្រាក់ និងមូលហេតុវិញ នៅមិនទាន់ដឹងនៅឡើយ សមត្ថកិច្ចកំពុងស្រាវជ្រាវ ៕