រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន០២នាក់ បានធ្វើសកម្មភាព ឆក់ទូរស័ព្ទពីបុរសវ័យចំណាស់ម្នាក់ បានសម្រេចហើយព្យាយាមរត់គេចខ្លួន ត្រូវបានសមត្ថកិច្ចនគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ឃាត់ខ្លួនបាន កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចផ្លូវបេតុង ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ លឹម សុខ ភេទ ប្រុស អាយុ៦៣ឆ្នាំ។ ចំណែកជនសង្ស័យដែលឃាត់ខ្លួនបាន រួមមាន ៖
១- ឈ្មោះ ស៊ឹម មេសា ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ ជាងជួសជុលម៉ូតូ (មានផ្ទុកសារធាតុញៀន)។
២-ឈ្មោះ ស៊្រី លាងវី ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះលេខ ៥៣ ផ្លូវលេខ១៣៣ ភូមិ៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ កម្មករយាមម៉ូតូ (មានផ្ទុកសារធាតុញៀន)។
សូមបញ្ជាក់ថា មុនពេលកើតហេតុ កាលពីថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៦និង៥៥នាទី នៅកន្លែងកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូម្នាក់ឯង ម៉ាកវីវ៉ា ពណ៌ខ្មៅ ហើយដកទូរស័ព្ទមកកាន់និយាយ ក្នុងពេលនោះស្រាប់តែមានជនសង្ស័យចំនួន០២នាក់ បានជិះម៉ូតូម៉ាក និច ពណ៌សលាយក្រហម មកធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោះ។
ក្រោយពីឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោះបានហើយ ជនសង្ស័យទាំង០២នាក់ បានបើកម៉ូតូគេចខ្លួនទៅបុកជាមួយម៉ូតូអ្នកដំណើរតាមផ្លូវបណ្ដាលឲ្យដួលម៉ូតូ ហើយក៏ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី១ ឃាត់ខ្លួនយកទៅទីស្នាក់ការប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ ដកហូតបាន ម៉ូតូម៉ាក និច ពណ៌ សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HN-1428 មួកការពារសុវត្តភាព ពណ៌ ស ចំនួន០១ ជារបស់ជនសង្ស័យឈ្មោះ ស៊ឹម មេសា, ទូរស័ព្ទដៃ ម៉ាក អូប៉ូ ពណ៌ ខៀវ របស់ជនរងគ្រោះ។
ក្រោយកើតហេតុ សមត្ថកិច្ចបានប្រគល់ទូរស័ព្ទដៃជូនជនរងគ្រោះវិញតាមការស្នើសុំ ។ដោយឡែក ជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕