សាកថ្មពិលទុកចោល ម្ចាស់មិននៅផ្ទះ ឆេះផ្ទះខ្ទេច ឆ្លងដល់ផ្ទះគេ១ខ្នងទៀត ត្រឹមមួយប៉ប្រិចភ្នែក ក្នុងសង្កាត់ស្វាយប៉ោ
សន្តិសុខសង្គម
339

ខេត្តបាត់ដំបង ៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន០២ខ្នង យ៉ាងសន្ធោសន្ធៅអស់ទាំងស្រុង បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ច រួមទាំងរថយន្តពន្លត់អគ្គិភ័យចុះមកធ្វើការបាញ់ពន្លត់ កាលពីវេលាម៉ោង១ និង៤០នាទី រសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចក្រុមទី ០៧ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ខេត្តបាត់ដំបង ។ នេះបើយោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។

សមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យនេះបានឆាបឆេះផ្ទះទំហំ ៣គុណ៤ ម៉ែត្រ ឆេះទាំងស្រុង ធ្វើពីឈើ ប្រក់ស័ង្កសី របស់ម្ចាស់ឈ្មោះ សំ ឈឿន ភេទ ប្រុស អាយុ ២៣ ឆ្នាំ រស់នៅក្នុងភូមិសង្កាត់កើតហេតុខាងលើ បណ្តាលឲ្យឆេះផ្ទះចំនួន ០១ខ្នង សរុបគិតជាទឹកប្រាក់អស់ប្រហែល ១,០០០ ដុល្លារ បណ្តាលមកពីការធ្វេសប្រហែស សាកថ្មពិលទុកចោលម្ចាស់មិននៅផ្ទះ រួចបានឆេះរាលដាលដល់ឆេះផ្ទះទំហំ ៣.៥គុណ១៣ ម៉ែត្រ ឆេះរោលផ្នែកខាងក្រោយធ្វើពីថ្មក្រោម ដំបូលប្រក់ស័ង្កសី របស់ម្ចាស់ឈ្មោះ ពេជ្រ សុភក្រ័ ភេទ ប្រុស អាយុ ៣៧ ឆ្នាំ រស់នៅក្នុងភូមិសង្កាត់កើតហេតុខាងលើ សរុបគិតជាទឹកប្រាក់អស់ប្រហែល ១,៥០០ដុល្លារ ។

ភ្លាមៗនោះ កង កម្លាំង អន្តរាគមន៍ ពន្លត់ អគ្គិភ័យ បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ០៣ គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ត ទើបរលត់ទៅវិញនៅវេលាម៉ោង ២និង២០ នាទីរសៀល ថ្ងៃខែឆ្នាំដដែល ៕


Telegram