រាជធានីភ្នំពេញ ៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ច រួមទាំងលោកស្រី កឹម ញឹប អភិបាលខណ្ឌដង្កោ និងលោកអភិបាលរងខណ្ឌដង្កោ បានដឹកនាំកម្លាំងជាច្រើននាក់ រួមទាំងរថយន្តពន្លត់អគ្គិភ័យ ចុះមកអន្តរាគមន៍ភ្លាមៗដល់ទីតាំងកើតហេតុតែម្តង កាលពីវេលាម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ៤៨៧ ផ្លូវលំ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានបញ្ជាក់ប្រាប់ក្រុមការងារ TVFB ឲ្យដឹងថា ម្ចាស់ផ្ទះកើតហេតុមានឈ្មោះ ហម កៃ ភេទប្រុស អាយុ ៥៥ឆ្នាំ មុខរបររត់ម៉ូតូឌុប ហើយការឆាបឆេះនេះ ផ្តើមចេញពីការ ឆ្លងចរន្តអគ្គីសនី
ដោយបានឆេះបំផ្លាញ ផ្ទះថ្មក្រោមឈើលើ ប្រក់ស័ង្កសី ទំហំ (៥ម៉ែត្រ x ២០ម៉ែត្រ ) ខ្ទេចអស់ទាំងស្រុង និងរាលដាលឆេះដល់ផ្ទះអ្នកជិតខាងបណ្ដាលឲ្យខូតខាតម៉ូតូ០១គ្រឿង និងម៉ាស៊ីនបោកខោអាវ០១គ្រឿង តែគ្មាននរណាម្នាក់ រងរបួសឡើយ។
ភ្លាមៗនោះ គេឃើញមានរថយន្តពន្លត់អគ្គិភ័យ ចំនួន ៥គ្រឿង បានបាញ់អន្តរាគមន៍ ប្រើប្រាស់ទឹកអស់ ៤ឡានស្មើរនឹង ១៨ម៉ែត្រគូប និងរថយន្តជំនួយ ពីខាង ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ០១គ្រឿង រថយន្ដស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៣គ្រឿង ទើបរលត់ទៅវិញនៅម៉ោង ៥និង៣នាទីល្ងាច ថ្ងៃដដែល ៕ មេសា