រាជធានីភ្នំពេញ ៖ ផ្អើលអស់ព្រះសង្ឃ និងពុទ្ធបរិស័ទជាច្រើននាក់ ចុះរាវរកក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់ ដែលចុះមកលេងស្រះទឹកក្នុងវត្ត បែរជាលង់លិចបាត់តែម្តង ទម្រាំរកឃើញ គឺស្លាប់ទៅហើយ ធ្វើឲ្យម្តាយយំសោកបោកខ្លួនយ៉ាងខ្លាំង ស្តាយស្រណេះកូន បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ជាង ៥ល្ងាច ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចស្រះទឹកក្នុងវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បើតាមការសាកសួរទៅលើស្ត្រីជាម្តាយបានឲ្យដឹងថា កូនរបស់គាត់ដែលលង់ទឹកស្លាប់នេះមានឈ្មោះ សុខ លីន ភេទប្រុស អាយុ១៥ឆ្នាំ សព្វថ្ងៃគាត់រស់នៅផ្ទះជួលខាងក្រោយផ្សារស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ និងមានស្រុកកំណើតនៅភូមិព្រែកបារាំង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
អ្វីដែលកាន់តែអាសូរនោះ ស្ត្រីជាម្តាយបានរៀបរាប់ទាំងទឹកភ្នែកឲ្យដឹងថាទៀតថា កូនប្រុសរបស់គាត់នេះ ទើបតែបាត់ពីផ្ទះប្រហែល២០នាទីប៉ុណ្ណោះ បែរជាមកស្លាប់បែបនេះ ហើយកាន់តែខ្លោចចិត្តនោះ កូនរបស់គាត់នេះ មិនមែនជាកូនបង្កើតទៀត គឺជាកូនចិញ្ចឹម ដែលគាត់អាណិតស្រឡាញ់រើសយកមកចិញ្ចឹម តាមពីអាយុ២ខែ បាតជើងក្រហមរងាល ខំចិញ្ចឹមបីបាច់ ឲ្យរៀនសូត្រ រហូតដល់អាយុ១៥ឆ្នាំ បែរជាមកជួបគ្រោះបែបនេះទៀត។
ក្នុងនោះបើតាមប្រភពព័ត៌មានពីប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញក្មេងប្រុស២នាក់ នាំគ្នាចុះទៅលេងទឹកស្រះក្នុងវត្តស្ទឹងមានជ័យនេះ ដោយក្មេងប្រុសម្នាក់ មិនចេះហែលទឹកជាអ្នកចុះទៅមុន រួចទើបក្មេងប្រុសរងគ្រោះដែលស្លាប់នេះ លោតទៅតាមក្រោយ ហើយក៏លិចបាត់តែម្តង អស់រយៈពេលជិត២០នាទីទៅហើយ មិនឃើញក្មេងប្រុសរងគ្រោះឡើងមកវិញ ទើបក្មេងដែលមុជជាមួយគ្នានោះ ស្រែកឆោឡោផ្អើលដល់ព្រះសង្ឃ និងពុទ្ធបរិស័ទជាច្រើននាក់ ចុះរាវរក នៅតែមិនឃើញទៀត ទម្រាំឃើញគឺហួសពេលទៅហើយ ទើបនាំគ្នារាយការណ៍ជូនសមត្ថកិច្ចតែម្តង។
ភ្លាមៗសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលជំនាញខណ្ឌមានជ័យ បានចុះព័ទ្ធខ្សែនៅទីតាំងកើតហេតុ ដើម្បីធ្វើការពិនិត្យសាកសព ឃើញមានស្នាមរបួសត្រង់ក្បាល និងលើមុខ ដោយមិនទាន់ដឹងជាករណីអ្វីនៅឡើយ តែការសន្និដ្ឋានបឋមជំហ៊ានដំបូងគឺ ស្នាមរបួសនោះ អាចមកពីក្មេងរងគ្រោះលោតចូលទៅក្នុងស្រះទឹកនេះ បុកប៉ះនឹងថ្ម ហើយក៏លង់ស្លាប់បែបនេះតែម្តង និងបានប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕