រាជធានីភ្នំពេញ ៖ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញនេះ ឯកឧត្ដម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលសម្រេចបានក្នុងរយៈពេល ១១ខែ ក្នុងឆ្នាំ២០២១ ដែលមានការចូលរួមពី ឯកឧត្តមនាយកខុទ្ទកាល័យ ឯកឧត្តមអនុរដ្ឋលេខាធិការទទួលបន្ទុក អនុប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ ប្រធាន អនុប្រធាន សមាជិក សមាជិកាលេខាធិការដ្ឋាន និងប្រធាន អនុប្រធានស្ថានីយជញ្ជីង និងមន្ត្រីតំណាងរដ្ឋបាលរាជធានី-ខេត្តទាំង ៣៣ស្ថានីយ។ នេះបើយោងតាមផេក ក្រសួងសាធារណការ និងដឹកជញ្ជូន ។
យោងតាមរបាយការណ៍នៃការអនុវត្តការងារក្នុងរយៈពេល ១១ខែ ឆ្នាំ២០២១ ទទួលបានលទ្ធផលដូចខាងក្រោម៖
- យានយន្តត្រួតពិនិត្យសរុបចំនួន ២ ៣៣៤ ៣៧១ គ្រឿង
- យានយន្តលើសទម្ងន់កម្រិតកំណត់ចំនួន ៧៣៩ ៥៣៨ គ្រឿង ស្មើនឹង ៣១.៦៨% ដែលក្នុងនោះ យានយន្តផ្ទុកលើសក្នុងកម្រិតអនុគ្រោះ ចំនួន ៧៣៦ ៧៣៥ គ្រឿង និងយានយន្តលើសទម្ងន់កម្រិតកំណត់ដែលបានពិន័យមានចំនួន ២ ៨០៣គ្រឿង។ ក្នុងនោះចាប់ពីថ្ងៃទី១៨ ខែតុលា រហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ក្រុមការងារបន្តឃាត់យានយន្តដឹកលើសទម្ងន់កម្រិតកំណត់លើសពី២០% ដែលឃាត់ទុកមួយឆ្នាំមានចំនួន ៤៨គ្រឿង បន្ទាប់ពីគោរពតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតដោះលែងយានយន្តចំនួន ២២៩គ្រឿង កាលពីខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ។
ក្នុងទិសដៅបន្ត គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នឹងបន្តផ្សព្វផ្សាយ ពន្យល់ណែនាំដល់ម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដឹកជញ្ជូន ការដ្ឋានអាជីវកម្មកិនថ្ម ដេប៉ូខ្សាច់ រណ្តៅដី និងសាធារណជនទាំងអស់ ឱ្យបានជ្រាបកាន់តែទូលំទូលាយ អំពីបទដ្ឋានច្បាប់នានាដែលពាក់ព័ន្ធការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ជាពិសេសច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា២៦ និងមាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់នៅទូទាំងប្រទេស។
ជាងនេះទៅទៀត ក្រុមការងារនឹងបន្តអនុវត្តច្បាប់ និងទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់យ៉ាងតឹងរ៉ឹងបំផុតដោយមិនមានការលើកលែងឡើយ។ ក្រុមការងារនឹងបន្តដំឡើងកាមេរ៉ាសុវត្ថិភាព (CCTV Camera) និងជញ្ជីងស្វ័យប្រវត្តិ (AI and Weigh in Motion Sensor) នៅតាមស្ថានីយមួយចំនួន ដើម្បីតាមដាន និងត្រួតពិនិត្យលើការអនុវត្តការងាររបស់មន្រ្តីប្រចាំការនៅតាមស្ថានីយជញ្ជីង។
ទន្ទឹមនឹងនេះ ដោយសារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងប្រទេសមានការអភិវឌ្ឍ និងរីកចម្រើនច្រើន និងជាតម្រូវការចាំបាច់របស់រដ្ឋបាលខេត្ត គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នឹងរៀបចំដាក់ឱ្យប្រើប្រាស់ស្ថានីយជញ្ជីងថ្មី ចំនួន ០២ គឺនៅតាមបណ្តោយផ្លូវជាតិលេខ ៣៣ ក្នុងខេត្តកែប និងផ្លូវជាតិលេខ៦២ ក្នុងខេត្តព្រះវិហារ ព្រមទាំងគ្រោងសាងសង់ស្ថានីយជញ្ជីងថ្មីបន្ថែមទៀត នៅខេត្តមណ្ឌលគិរី និងខេត្តកោះកុង ក្នុងផែនការឆ្នាំ២០២២ ខាងមុខនេះ៕