រាជធានីភ្នំពេញ ៖ យុវជនម្នាក់ បានស្លាប់យ៉ាងរន្ធត់ និងម្នាក់ទៀត រងរបួសស្រាល ខណៈជិះម៉ូតូតាមដងផ្លូវ ត្រូវបានរថយន្តបែនដឹកដីមិនស្គាល់ម៉ាកបុកពីក្រោយពេញទំហឹង រួចបន្តល្បឿនជិះរត់គេចខ្លួនបាត់ស្រមោលតែម្តង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចផ្លូវជាតិលេខ៤ ភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ហួត សុខជា អាយុ១៨ឆ្នាំ មុខរបរ ជាកម្មករឃ្លាំងដែក សព្វថ្ងៃរស់នៅក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ។
ប្រភពព័ត៌មានពីយុវជនម្នាក់ឈ្មោះ នី រដ្ឋា អាយុ ១៩ឆ្នាំ ដែលជាមិត្តនឹងគ្នា បានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួននិងជនរងគ្រោះ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AE-8834 ចេះពីខណ្ឌដង្កោ ចំណងទថ្នល់ទទឹង ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាលជិះពីកើតទៅលិច លុះដល់ចំណុចកើតហេតុ គេឃើញរថយន្តបែនដឹកដីមិនចាំម៉ាក បើកស្របគ្នា មកបុកពីក្រោយពេញទំហឹង
បណ្ដាលឲ្យដួលបោកក្បាលស្លាប់ម្នាក់ ។ ចំណែកខ្លួនជាមិត្ត របួសស្រាល ហើយភ្លាមៗរថយន្តនោះក៏បន្តល្បឿនជិះរត់បាត់តែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចចរាចរណ៍ជំនាញខណ្ឌកំបូល សហការជាមួយនគរបាលចរាចរណ៍ក្រុង បានចុះមកធ្វើការវាស់វែង យកម៉ូតូជនរងគ្រោះទៅរក្សាទុក រង់ចាំស្រាវជ្រាវរករថយន្តបង្ក មកដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ មេសា