ដល់ក! ដុតផ្ទះខ្លួនឯងឆេះខ្ទេច បន្តរាលដាលដល់ផ្ទះអ្នកជិតខាង ខ្ទេចគ្មានសល់ នៅស្រុកសំរោងទង
សន្តិសុខសង្គម
225

ខេត្តកំពង់ស្ពឺ ៖ ផ្ទះប្រជាពលរដ្ឋចំនួន ២ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ខ្ទេចអស់ទាំងស្រុង បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច រួមទាំងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចុះមកធ្វើការបាញ់ពន្លត់ កាលពីវេលាម៉ោង១១និង ០៥នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចភូមិចំការបុស្ស ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ នេះបើយោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះកើតហេតុទី១ ឈ្មោះ ស សុវណ្ណ ភេទ ប្រុស អាយុ ៣៣ ឆ្នាំ រស់នៅ ភូមិ ឃុំកើតហេតុខាងលើ ត្រូវបានអគ្គិភ័យឆេះផ្ទះអស់ចំនួន ០១ខ្នង ផ្ទះខ្ពស់ធ្វើពីឈើ ដំបូលប្រក់ក្បឿង ទំហំ ០៦x០៨ ម៉ែត្រ ជញ្ជាំងក្ដារ ផ្ទះបាយសង្ក័សី ទំហំ ០៦x០៦ ម៉ែត្រ ឆេះអស់ទាំងស្រុង និងឆេះពូកចំនួន ០១, គ្រែចំនួន ០១ និងសម្ភារៈមួយចំនួន ។

ចំណែកម្ចាស់ផ្ទះទី០២ មានឈ្មោះ ស ពៅ ភេ ទ ប្រុស អាយុ ២៧ ឆ្នាំ ប្រពន្ធឈ្មោះ សុខ ស្រីមុំ អាយុ ២៧ ឆ្នាំ រស់នៅភូមិឃុំកើតខាងលើ ត្រូវបានអគ្គិភ័យឆេះផ្ទះអស់១ខ្នង ផ្ទះខ្ពស់ធ្វើពីឈើ ដំបូលប្រក់ក្បឿង ទំហំ ០៦x០៨ ម៉ែត្រ ឆេះអស់ទាំងស្រុង និងបានឆេះទូរ ឈើចំនួន០១, គ្រែចំនួន ០១, ទូទឹកកកនិងសម្ភារៈមួយចំនួន តែមិនបណ្ដាលអោយគ្រោះថ្នាក់ដល់មនុស្ស និងសត្វឡើយ ។

ចំណែកមូលហេតុ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា បណ្ដាលមកពី ឈ្មោះ ស សុវណ្ណ ជាម្ចាស់ផ្ទះដុតដោយខ្លួនឯង ។

ក្នុងរង្វង់ប្រតិបត្តិការនោះ សមត្ថកិច្ចបានប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យចំនួន ០៣ គ្រឿង រួមមាន រថយន្ដស្រុកសំរោងទងចំនួន ០១ គ្រឿង និងរថយន្ដស្នងការ ខេត្តចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤ រថយន្ត ទើបរលត់ទៅវិញជាស្ថាពរ ៕


Telegram