រាជធានីភ្នំពេញ ៖ យុវជនម្នាក់ ជិះម៉ូតូមិនប្រយ័ត្ន បានទៅបុកគូថរថយន្តមិនស្គាល់ម៉ាក ពីក្រោយ បណ្ដាលឲ្យខ្លួនឯងបោកក្បាល ស្លាប់យ៉ាងអាណោចអាធ័ម នៅក្បែរចិញ្ចើមផ្លូវ តាមបណ្ដោយផ្លូវវ៉េងស្រេង ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ វេលាម៉ោង ១២ យប់ ឈានចូលថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២១ ។
ប្រភពព័ត៌មានពីសមត្ថកិច្ច និងបងប្អូនប្រជាពលរដ្ឋបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញយុវជនម្នាក់ជិះម៉ូតូឌ្រីម សេ១២៥មួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 1IO-4527 បានបើកយ៉ាងលឿនតាមបណ្ដោយផ្លូវវេងស្រេង មកដល់ចំណុចកើតហេតុ ក៏បានបុកគូទរថយន្ដមិនចាំម៉ាកពីក្រោយពេញមួយទំហឹង បណ្ដាលឲ្យយុវជនខាងលើដួលបោកក្បាលស្លាប់យ៉ាងអាណោចអាធ័ម ភ្លាមនោះ រថយន្ដខាងលើក៏បានបើករត់បាត់ពីកន្លែងកើតហេតុ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានមកដល់ ធ្វើការពិនិត្យលើខ្លួនប្រាណរកអត្តសញ្ញាណជនរងគ្រោះ ទើបដឹងថា ជនរងគ្រោះមានឈ្មោះ អាង ចំរើន អាយុ ២០ឆ្នាំជាង មានស្រុកកំណើតនៅស្រុក ឈូក ខេត្តកំពត និងបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង ចុះមកធ្វើការពិនិត្យ ដោយសម្រេចរក្សាទុកម៉ូតូជនរងគ្រោះនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំស្រាវជ្រាវរករថយន្តខាងលើ មកដោះស្រាយគ្នាតាមច្បាប់ និងដឹកសាកសពជនរងគ្រោះ ទៅរក្សាទុកនៅវត្តទឹកថ្លា ដើម្បីប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ Mrr Ka