រាជធានីភ្នំពេញ ៖ រថយន្តកុងតឺន័រមួយគ្រឿង បើកឡើងឃឿនផ្លូវ បុកម៉ូតូមួយគ្រឿង បណ្ដាលឲ្យបុរសម្នាក់ ស្លា.ប់ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យដើម្បីសង្រ្គោះបន្ទាន់ កាលពីវេលាម៉ោង១២យប់ ឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាធានីភ្នំពេញ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តកុងតឺន័រសណ្ដោងរម៉ក មួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 3A-0771 បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចមកកើត មកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតទៅបុកឃឿនចែកទ្រូងផ្លូវ ឡើងបញ្រ្ចាស់មកផ្លូវម្ខាងទៀត ទៅបុកជាមួយនឹងម៉ូតូ Xsenter មួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 1GQ-6422 ជិះឌុបគ្នា២នាក់ បណ្ដាលឲ្យម្នាក់ស្លាប់ យ៉ាងអាណោចអាធ័ម និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានក្រុមគ្រូពេទ្យយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ។ ចំណែកតែកុងរថយន្តកុងតឺន័រនោះ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបាន នាំយកទៅប៉ុស្តិ៍នគរបាលច្បារអំពៅអី២ ដើម្បីធ្វើការសាកសួរ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍របស់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានមកដល់បានទំនាក់ទំនងឲ្យសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក របស់ស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការស្ទូចយករថយន្ត និងម៉ូតូទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ Mrr Ka