ខេត្តកំពង់ចាម ៖ អគ្គិភ័យមួយបានកើតឡើង ដោយបានឆេះបំផ្លាញផ្ទះចំនួន ៣ខ្នង យ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង ៩និង១០នាទីយប់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ នៅចំណុច ភូមិកោះគល់ ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ នេះបើយោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។
ក្រោយពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជារថយន្តចំនួន០៦គ្រឿង ចេញជួយអន្តរាគមន៍ក្រោម ការដឹកនាំផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី មិន សុគន្ធវិបុល ស្នងការរងទទួលផែនការងារគ្រប់គ្រងអាវុធជាតិ ផ្ទុះនិងអគ្គិភ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យនេះបណ្ដាលអោយឆេះរាលដាលអស់ផ្ទះ ប្រជាពលរដ្ឋ ចំនួន ០៣ផ្ទះ ។
១- ផ្ទះទី១ ម្ចាស់ផ្ទះ ឈ្មោះ វ៉ន វឿន ភេទ ប្រុស អាយុ ៥៦ ឆ្នាំ ប្រពន្ធឈ្មោះ បឹង ពៅ ភេទ ស្រី អាយុ ៥៤ ឆ្នាំ ។បណ្ដាលអោយបាត់បង់សម្ភារមានដូចជា៖
- ផ្ទះទំហំ ៧×១៣ មែត្រ ប្រកក្បឿង ជញ្ជាំងក្ដារឆេះអស់ទាំងស្រុង ។
- ម៉ូតូចំនួន ០៣ គ្រឿង
- ទឹកប្រាក់ចំនួន ៣,០០០ដុល្លា
- មាសចំនួន ០៨ជីកន្លះ និងសម្ភារប្រើប្រាស់មួយចំនួន ។
២- ផ្ទះទី២ ម្ចាស់ផ្ទះឈ្មោះ ញឹក សាវ៉ុន ភេទ ស្រី អាយុ ៦៣ ឆ្នាំ (ម៉េម៉ាយ) បណ្ដាលអោយបាត់បង់សម្ភារមានដូចជា៖
- ផ្ទះទំហំ ៥×៦ មែត្រ ប្រកដែក ជញ្ជាំងក្ដារឆេះអស់ទាំងស្រុង ។
- ប្រាក់រៀល ៩០០,០០០ រៀល
- អង្ករ ចំនួន ០១ បេ និងសម្ភារប្រើប្រាស់មួយចំនួន ។
៣- ផ្ទះទី៣ ម្ចាស់ផ្ទះឈ្មោះ ស គុយលឹម ភេទ ប្រុស អាយុ ៦០ ឆ្នាំ ប្រពន្ធឈ្មោះ គឹម សុង ភេទ ស្រី អាយុ ៦៤ ឆ្នាំ បណ្ដាលអោយរងរបួស និងបាត់បង់សម្ភារៈមានដូចជា៖
- ផ្ទះទំហំ ៧×១៥ មែត្រ ប្រកក្បឿង ជញ្ជាំងក្ដារឆេះអស់ទាំងស្រុង ។
- ម៉ូតូចំនួន ០៥ គ្រឿង
- ទឹកប្រាក់ចំនួន ៦,០០០ ដុល្លា និងសម្ភារប្រើប្រាស់មួយចំនួន។
- បណ្ដាអោយរងរបួស ឈ្មោះ គឹម សុង ភេទ ស្រី របួសរលៀកត្រង់ខ្នង រលៀកដៃខាងស្ដាំ និងជើងខាងឆ្វេង ។
ចំណែកមូលហេតុ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ។
ក្នុងនោះ សមត្ថកិច្ចបានប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យចំនួន ០៦គ្រឿង ដែលចេញជួយអន្តរាគមន៍ ក្នុង នោះមាន ៖
- រថយន្តអធិការដ្ឋាននគរបាលស្រុកកំពង់សៀមចំនួន ០១គ្រឿង ។
- រថយន្ដមកពីស្រុកព្រៃឈរចំនួន ០១គ្រឿង ។
- រថយន្ដមកពីស្រុកកងមាសចំនួន ០១គ្រឿង ។
- រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមចំនួន ០៣គ្រឿង ។
- ប្រើប្រាស់ទឹកអស់ចំនួន ១០ រថយន្ដ និងបានរលត់ទៅវិញ ដោយមិនមានការឆ្លងរាលដាលដល់ផ្ទះប្រជាពលរដ្ឋនៅក្បែរនោះបន្តទៀតឡើយ ៕