ខេត្តតាកែវ ៖ អគ្គិភ័យមួយ បានឆាបឆេះ ផ្ទះធ្វើពីឈើប្រក់ក្បឿងមួយខ្នង យ៉ាងសន្ធោសន្ធៅ ខ្ទេចអស់ទាំងស្រុង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃត្រង់ទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ នៅចំណុចភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ។ នេះបើយោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។
សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលភ្លើងឆាបឆេះនេះមានមួយខ្នងទំហំ ០៦x០៧ ម៉ែត្រ ដែលមានម្ចាស់ឈ្មោះ សេង ហួរ ភេទ ប្រុស អាយុ ៥៤ ឆ្នាំ មានមុខរបរកសិករ បណ្តាលឲ្យឆេះផ្ទះខាងលើ ស្ទើរទាំងស្រុង ហើយក្នុងនោះក៏ខូចខាតសម្ភារៈមានដូចជា៖
- ប្រាក់ចំនួន ១១,៥០០,០០០ លាន រៀល
- តុឈើចំនួន ០១
- គ្រែ ឈើចំនួន ០២ និងសម្លៀកបំពាក់មួយចំនួនធំ តែមិនបណ្តាលអោយរងរបួសដល់មនុស្ស រឺឆេះឆ្លងរាលដាលដល់ផ្ទះអ្នកដ៍ទៃឡើយ ។
ចំណែកមូលហេតុសមត្ថកិច្ចបណ្ជាក់ថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី និងបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០៣គ្រឿង ក្នុងនោះមានរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវចំនួន០២គ្រឿង និងស្រុកត្រាំកក់ចំនួន០១គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន០៤ រថយន្ដ ទើបរលត់ទៅវិញជាស្ថាពរ។