រាជធានីភ្នំពេញ ៖ លទ្ធផលការងារគ្រប់មុខព្រួញរបស់ អង្គភាពCMAC ក្នុងរយៈពេល១១ ខែមករា-វិច្ឆិកា ឆ្នាំ២០២១នេះ បានទទួល លទ្ធផលប្រកបដោយជោគជ័យ គួរឲ្យកត់សម្គាល់បើទោះជាស្ថិតក្នុងបរិបទសកលនៃការឆ្លងរាលដាលជម្ងឺកូវីដ-១៩ក៏ដោយ។
ក្នុងនោះកិច្ចប្រតិបត្តិការ បោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌ សង្គ្រាម រំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់សរុបទំហំ៩១.៩១៩.៩៧២ម៉ែត្រក្រឡា ស្មើនឹងជាង៩២%នៃផែនការ ដោយរុករកឃើញនិងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទសរុបចំនួន៨២.១៣៨គ្រាប់ ក្នុងនោះគ្រាប់មីនប្រឆាំងមនុស្សចំនួន១៦.១៣៨គ្រាប់ មីនប្រឆាំងរថក្រោះចំនួន៣២៣គ្រាប់ គ្រាប់បែកទម្លាក់ពីយន្ដហោះ៣៩គ្រាប់ គ្រាប់បែកចង្កោម៨.០៩០គ្រាប់ មីនច្នៃចំនួន១៧គ្រាប់ និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទមានចំនួន៥៧.៥៣១គ្រាប់។ នេះបើយោងតាមផេកផ្លូវការរបស់លោក ហេង រតនា ប្រតិភូ រាជរដ្ឋាភិបាល ទទួល បន្ទុក ជា អគ្គនាយក មជ្ឈមណ្ឌល កំចាត់ មីន កម្ពុជា (CMAC) ។
នៅក្នុងរយៈពេល១១ខែ (មករា-វិច្ឆិកា) ឆ្នាំ២០២១នេះដែរ អង្គភាពស៊ីម៉ាក់ និងបណ្តាញស្ម័គ្រចិត្ត តាមភូមិឃុំស្រុកបាន ចុះ ធ្វើការ ផ្សព្វ ផ្សាយ អប់រំ ការយល់ ដឹង ពីគ្រោះថ្នាក់ ដោយ សារ មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមដល់ក្រុម គោល ដៅ បាន ចំនួនជាង១៦,០០០ លើក ដោយចុះជួបតាមខ្នងផ្ទះមានចំនួនជាង ៦០០,០០០ខ្នងផ្ទះ មាន ប្រជា ពលរដ្ឋ ចូលរួមសរុប ចំនួនជិត១លាននាក់។ ជាមួយគ្នានេះដែរ ក្រុមការងារក៏បានចុះពិនិត្យទីតាំងគ្រាប់មីននិងយុទ្ធ ភណ្ឌ មិនទាន់ផ្ទុះ ដែល ប្រជា ពល រដ្ឋ បាន រាយការណ៍ និង បាន កម្ទេច ចោល គ្រាប់មីននិងយុទ្ធ ភណ្ឌ មិនទាន់ ផ្ទុះគ្រប់ប្រភេទ បាន ចំនួន ជិត១៥,៤០០គ្រាប់ និង អាវុធធុន ស្រាលមួយចំនួនផងដែរ។
សំរាប់ផែនការឆ្នាំ២០២២ខាងមុខ អង្គភាពស៊ីម៉ាក់មានផែនការរំដោះផៃ្ទដីរងការគំរាមកំហែង ដោយសារគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមជាង១២៥គីឡូម៉ែត្រក្រឡា លើផែនការនេះ កម្លាំងអង្គភាពស៊ីម៉ាក់បានទទួលការគាំទ្រពីគំរោងរបស់រាជរដ្ឋាភិបាល គំរោង ជំនួយរបស់រដ្ឋាភិបាលជប៉ុន គំរោងជំនួយតាមរយ:ដេញថ្លៃពីUNDP/អាជ្ញាធរមីន គំរោងជំនួយរបស់រដ្ឋាភិបាលចិន គំរោងជំនួយរបស់អង្គការជំនួយប្រជាជនណរ័វេស្ស (NPA ដែលទទួលបានពីរដ្ឋាភិបាលណ័រវេស្សនិងអាមេរិក) គំរោងជំនួយអង្គការAPOPOរបស់រដ្ឋាភិបាលប៊ែលហ្សិក គំរោងជំនួយរបស់អង្គការJMAS និងគំរោងជាមួយអង្គការMAG សរុបមានចំនួន២៥គំរោង និងអាចមានលទ្ធភាពពង្រីកបន្ថែមដេីម្បីសំរេចមហិ្ឆតាផែនការឆ្នាំ២០២២ខាងមុខនេះ ៕