ខេត្តបាត់ដំបង ៖ កម្លាំងផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកកំរៀង បានធ្វើការឃាត់ខ្លួនជនសង្ស័យ ជាអនីតិជនម្នាក់ ក្នុងករណីរំលោភសេពសន្ថវៈលើក្មេងស្រីអាយុ១៣ឆ្នាំ កាលពី វេលាម៉ោង១៤និង៣០នាទី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ត្រង់ចំណុចផ្ទះក្រុមទី០៨ ភូមិឡាក់ហុកពីរ ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។ នេះបើយោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ ។
មន្ត្រីនគរបាលស្រុកកំរៀងបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួននេះ មានឈ្មោះ កុយ គីណា ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិឡាក់ហុកពីរ ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរ កម្មករ បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈទៅលើក្មេងស្រីជាជនរងគ្រោះអាយុ១៣ឆ្នាំ រស់នៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យខាងលើ មកកាន់អធិការដ្ឋានគរបាលស្រុក ដើម្បីសាកសួរ ដោយជនសង្ស័យរូបនេះ ឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើការចាប់រំលោភទៅលើក្មេងស្រីរងគ្រោះ ពិតប្រាកដមែន។
បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលស្រុក បានកសាងសំណុំរឿងបញ្ជូនជនសង័្សយទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕