រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់ បានគិតខ្លី លោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ ទោះបីជាមានសមត្ថកិច្ចនិងប្រជាពលរដ្ឋព្យាយាមនិយាយលួងលោមក៏ដោយ ក៏ក្មេងប្រុសរូបនេះ បានលោតទម្លាក់ខ្លួនចោលក្នុងទឹកទន្លេ ផ្អើលប្រជាពលរដ្ឋដែលជាអ្នកនេសាទ នាំគ្នាចេញទូក ជួយស្រង់ឡើងគោកវិញទាន់ពេលវេលាម៉ោង កាលពីយប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នៅ ចំណុច ស្ពាន ព្រះមុន្នីវង្ស ចាស់ ក្នុង សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញក្មេងប្រុសខាងលើ បានដើរស្ពាយកាតាប ពីច្បារអំពៅ ឡើងមកលើស្ពានព្រះមុន្នីវង្សចាស់ ។ ពេលនោះស្រាប់តែទុកកាតាបលើស្ពាន ហើយឡើងផ្លោះបង្កាន់ដៃស្ពាន ឈរតោងបង្កាន់ដៃ រៀបនឹងលោតទម្លាក់ខ្លួនទៅហើយ តែពេលនោះ ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចព្យាយាមនិយាយលួងលោមក្មេងប្រុសខាងលើនេះយ៉ាងខ្លាំង តែមិនស្តាប់សោះ ក៏បងប្រលែងដៃដែលតោងបង្កាន់ដៃស្ពាន ហើយលោតសម្លាប់ខ្លួនចូលក្នុងទឹកទន្លេតែម្តង ប៉ុន្តែសំណាងណាស់ ភ្លាមៗត្រូវបានអ្នកនេសាទនៅក្បែរនោះជួយទាន់ ស្រង់ឡើងមកលើគោកវិញ។
បើតាមការសាកសួរ ក្មេងប្រុសខាងលើនេះ បានរៀបរាប់ថា ខ្លួនមានឈ្មោះ ចន្ថា អាយុ១៥ឆ្នាំ រស់នៅសព្វថ្ងៃ ក្នុង ភូមិ កោះនរា សង្កាត់ និរោធ ខណ្ឌច្បារអំពៅ ដោយខ្លួនសម្រេចចិត្តធ្វើបែបនេះ ដោយសារតែធុញថប់នឹងជីវិតពេក ម្ដាយ គិតតែស្ដីបន្ទោស មកលើរូបគេ ទើបខ្លាំងនេះ ខ្លួនមកលោតទឹកតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចបាននាំ ក្មេងប្រុសខាងលើ ទៅកាន់ ប៉ុស្ដិ៍ រដ្ឋបាល ទន្លេបាសាក់ ដើ ម្បី ធ្វើការអប់រំ ណែនាំ និងទាក់ទងទៅសាច់ញាតិមកទទួលយកទៅផ្ទះវិញ ៕