រាជធានីភ្នំពេញ ៖ ម៉ូតូកង់បីឥណ្ឌាមួយគ្រឿង បានក្រឡាប់ផ្ងារជើងច្រង៉ាង ខ្ទាតទៅប៉ះជាមួយនឹងរថយន្តមួយគ្រឿងទៀតដែលកំពុងឈប់ស្តុប ខណៈកង់បីឥណ្ឌានោះ បានបើកបំពានភ្លើងសញ្ញាចរាចរណ៍ឆ្លងកាត់ទទឹងផ្លូវ ត្រូវម៉ូតូធំមួយគ្រឿងបុកពេញទំហឹង និងបណ្តាលឲ្យអ្នកបើកបរម៉ូតូធំនោះ រងរបួសធ្ងន់ សន្លប់បាត់ស្មាតី ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ កាលពីវេលាម៉ោងជាង១២យប់ឈានចូល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចស្តុបវិទ្យាល័យចតុមុខ ផ្លូវនរោត្តម កែងផ្លូវ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើតាមសម្តីពីអ្នកបើកបររថយន្តព្រុស បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានបើករថយន្តតាមបណ្តោយផ្លូវខាងលើ ដល់ភ្លើងស្តុបលឿង គាត់ក៏បង្អន់ល្បឿនឈប់ ចៀសវាងមានគ្រោះថ្នាក់ ស្រាប់តែមានកង់បីឥណ្ឌាមួយគ្រឿង ពណ៌ ស ពាក់ ស្លាក លេខ កណ្ដាល 1AG-6188 ដឹក ភ្ញៀវជា នារីចំនួន៣ នាក់ បានបើកយ៉ាងលឿន បំរាមភ្លើងសញ្ញាចរាចរណ៍ ពណ៌ក្រហម ហើយក៏ត្រូវម៉ូតូម៉ាក XR ពណ៌ ស ពាក់ ស្លាក លេខ កណ្ដាល 1AG-6188 ជិះដោយមនុស្ស២នាក់ឌុបគ្នា ឆ្លងកាត់ទទឹងផ្លូវ បុកពេញទំហឹង ក្រឡាប់ជាច្រើនជុំ អូសមកបុកផ្ទប់ជាមួយនឹងរថយន្តរបស់គាត់ពេញទំហឹង និងបានបណ្តាលឲ្យ អ្នកបើកបរម៉ូតូធំនោះរងរបួសធ្ងន់ សន្លប់ស្តូកស្តឹងបាត់ស្មារតី ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ។ ចំណែកភាគីខាងរម៉កកង់បីឥណ្ឌា គ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍មូលដ្ឋាន បានចុះមកធ្វើការវាស់វែង ដោយបានយក រថយន្ត កង់បីឥណ្ឌា រួមទាំងម៉ូតូ ខាងលើ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីរង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត ៕