លែងបារម្ភ ពីរឿងទឹកលិចហើយពេលនេះ! អាជ្ញាធររាជធានីភ្នំពេញ តម្លើងម៉ូទ័របូមទឹកខ្នាតធំ ៣គ្រឿង នៅស្ថានីយ៍បូមទឹកបឹងទំពុន ដែលមានសមត្ថភាពបូមទឹក ៤២.០០០ម៉ែត្រគូប ក្នុង១ម៉ោង
សន្តិសុខសង្គម
206

រាជធានីភ្នំពេញ ៖ មន្ត្រីជំនាញ និងអាជ្ញាធររាជធានីភ្នំពេញ បាននិងកំពុងបន្តសកម្មភាពតម្លើងម៉ូទ័របូមទឹក ខ្នាតធំ ដែលមានអង្កត់ផ្ចឹតទំហំ ១.៥ម៉ែត្រ ចំនួន ១គ្រឿង និងខ្នាតទំហំអង្កត់ផ្ចឹត ១.២ម៉ែត្រ ចំនួន ២គ្រឿង នៅស្ថានីយ៍បូមទឹកបឹងទំពុន ដើម្បីបូមទឹករំដោះការលិចលង់ ផ្ទះប្រជាពលរដ្ឋនៅរដូវវស្សា ។ នេះបើយោងតាមផេក មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា ម៉ូទ័របូមទឹកទាំង ៣គ្រឿងនេះ មានសមត្ថភាពបូមទឹក ៤២.០០០ម៉ែត្រគូប ក្នុង១ម៉ោង ឬស្មើនឹង ១២ម៉ែត្រគូប ក្នុង១វិនាទី ដែលជាគម្រោងសាងសង់បន្ថែម សមត្ថភាពបូមទឹកលើស្ថានីយ៍បច្ចុប្បន្ន ធ្វើអោយសមត្ថភាពបូមទឹកថ្មីកើនរហូតដល់ ៣៣ម៉ែត្រគូបក្នុង១វិនាទី។

មិនតែប៉ុណ្ណោះ ស្ថានីយ៍នេះ នឹងក្លាយជាស្ថានីយ៍មានម៉ូទ័របូមទឹកខ្នាតធំជាងគេ និងសមត្ថភាពបូមទឹកធំជាងគេក្នុងរាជធានីភ្នំពេញ ដែលធានាកាត់បន្ថយការលិចលង់នៅតំបន់ភូមិសាស្ត្របឹងទំពុន ស្ទឹងមានជ័យ មហាវិថីសម្តេចចៅហ្វាវាំង គង់ សំអុល (ផ្លូវលេខ ២០០៤) ស្តុបម៉ុងឌីយ៉ាល់ និងតំបន់ខាងត្បូង និងខាងកើតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ផងដែរ។

ការតម្លើងម៉ូទ័របូមទឹកខ្នាតធំទាំង៣គ្រឿងនេះ បានធ្វើឡើងតាំងពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ មកម្ល៉េះ ដែលនឹងបញ្ចប់គម្រោង ១០០ភាគរយ នៅក្នុងខែមីនា ឆ្នាំ២០២២ ខាងមុខ ខណៈដែល ទាំងម៉ូទ័រ ទាំងទូរបញ្ជា រួមទាំងការតភ្ជាប់បំពង់បង្ហូរទឹកក្រោមផ្លូវ៣៧១ បានស្ថាបនារួចរាល់ ប្រមាណ ៧០ភាគរយ ក្រោមការ ជំរុញពីសំណាក់ លោក ឃួង សេង អភិបាលរាជធានីភ្នំពេញ ហើយក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដើម្បីពន្លឿនការស្ថាបនា និងការដំឡើងម៉ូទ័របូមទឹកខ្នាតធំនេះឲ្យបានរួចរាល់ នៅមុនរដូវវស្សាមកដល់ ៕


Telegram