ខេត្តព្រះសីហនុ ៖ នាវេលាម៉ោង១រសៀល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តព្រះសីហនុ បានសម្រេចផ្អាកជាបណ្ដោះអាសន្ន អាជីវកម្មកាស៊ីណូទីងស៊ីង មានអាស័យដ្ឋាន ស្ថិតនៅផ្លូវមិត្តភាព ក្រុមទី ៤ ភូមិ ២ សង្កាត់លេខ ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្នុងលិខិតរបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ជម្រាបជូនលោក Qian Cheng អ្នកគ្រប់ គ្រងកាស៊ីណូទីងស៊ីង នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ បានបញ្ជាក់ថា ការប្រកបអាជីវកម្មរបស់កាស៊ីណូទីងស៊ីង មិនបានអនុវត្តត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ដែលកំពុងនៅជាធរមានឡើយ។
ជាក់ស្ដែងយោងតាមរបាយការណ៍ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២១កន្លងទៅនេះ មានករណីចាប់បង្ខាំងមនុស្ស ធ្វើទារុណកម្ម និងជម្រិតទារប្រាក់ នៅក្នុងកាស៊ីណូទីងស៊ីង ហើយត្រូវបានកម្លាំងមានសមត្ថកិច្ច បង្រ្កាបបានតាមបណ្ដឹងរបស់ភាគីជនរងគ្រោះ។
លិខិតដដែល បានឲ្យដឹងទៀតថា រដ្ឋបាលខេត្តព្រះសីហនុ សម្រេចផ្អាកកាស៊ីណូទីងស៊ីង ដែលមានអាសយដ្ឋាន នៅផ្លូវមិត្តភាព ក្រុមទី ៤ ភូមិ ២ សង្កាត់លេខ ២ ក្រុងព្រះសីហនុ ជាបណ្ដោះអាសន្ន។ ក្នុងអំឡុងពេលនេះ ស្នងការដ្ឋាននគរ បាលខេត្ត ត្រូវចាត់តាំងកម្លាំងប្រចាំការ គ្រប់គ្រងទីតាំងនោះដើម្បីអនុវត្តនីតិវិធី និងទប់ស្កាត់បទល្មើស រង់ចាំក្រុមការងារចម្រុះ របស់រដ្ឋបាលខេត្តព្រះសីហនុ ចុះអង្កេតស្រាវជ្រាវករណីនេះ បានចប់សព្វគ្រប់ និងមិនអនុញ្ញាតឲ្យមានការផ្ទេរសិទ្ធិ ឬការលក់ ឬការជួល ឬការបញ្ចាំ ឬការធ្វើអំណោយទីតាំងនោះ ទៅឲ្យអ្នកដទៃជាដាច់ខាត ដោយត្រូវរង់ចាំការទូទាត់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ ជូនកម្មករ-និយោជិត រួចរាល់សិន។
ក្នុងករណី អ្នកគ្រប់ គ្រងកាស៊ីណូទីងស៊ីង មិនអនុវត្តតាមការសម្រេចខាងលើ រដ្ឋបាលខេត្តព្រះសីហនុ នឹងអនុវត្តវិធានការច្បាប់ ជាធរមាន៕ សំណាង