រាជធានីភ្នំពេញ ៖ យោងតាម សេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ស្ដីពីការឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ ស៊ុ សុជាតិ ភេទប្រុស អាយុ៥១ឆ្នាំ ដែលមានតួនាទីជា ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ក្រោយត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយបានពិនិត្យឃើញថា ជនសង្ស័យខាងលើ ជាប់ពាក់ព័ន្ធនឹងការកាន់កាប់ និងបានលក់ព្រៃលិចទឹកតំបន់៣ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និងត្រូវបានអង្គភាព ប្រឆាំងអំពើពុករលួយ សម្រេចឃាត់ខ្លួនជនសង្ស័យជា លោកស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង រូបនេះ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៨ និង៤៥នាទីយប់ ។
ក្នុងនោះ ជនសង្ស័យ ឈ្មោះ កែវ ណារុន ភេទប្រុស អាយុ៥៩ឆ្នាំ ដែលជា ប្រធានការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ក៏ត្រូវបានអង្គភាព ប្រឆាំងអំពើពុករលួយ សម្រេចឃាត់ខ្លួនដូចគ្នា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៨ និង៥០នាទីយប់ បន្ទាប់ពីត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយបានពិនិត្យឃើញថា ជាប់ពាក់ព័ន្ធនឹងការកាន់កាប់ និងបានលក់ព្រៃលិចទឹកតំបន់៣ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
ពេលនេះជនសង្ស័យទាំង២នាក់ នឹងត្រូវសមត្ថកិច្ចបន្តនិតិវិធីតាមផ្លូវច្បាប់ ៕