រាជធានីភ្នំពេញ ៖ បុរសម្នាក់ ជិះម៉ូតូឌុបប្រពន្ធកូន ដល់ផ្លូវប្រសព្វបែកជា៤ នៅចំណុចស្តុបស្ពានដែកចំការដូង បម្រុងនឹងប៉ះជាមួយម៉ូតូមួយគ្រឿងទៀតដែលជាម៉ូតូរបស់ជនដៃដល់ជាខ្មាន់កាំភ្លើង ឈានដល់ការទាស់ពាក្យសម្តីគ្នា រហូតភាគីខាងខ្មាន់កាំភ្លើងនោះ បានយកកាំភ្លើងបាញ់ប្រហារ ចំនួន៣គ្រាន់ ត្រូវចំបុរសជាប្តីដែលជាអ្នកបើកម៉ូតូនោះ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ហូរឈាមដក់នៅលើផ្លូវ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោងជាង ១០យប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ តាមបណ្ដោយផ្លូវ៣៧១ កែងផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីបុរសម្នាក់ ដែលនៅក្នុងហេតុការណ៍ខាងលើ និងជាមិត្តរបស់ជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះដែលត្រូវគេបាញ់នេះ មានឈ្មោះ ឡាយ សៀកឡេង អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៥៧ ផ្លូវជាតិលេខ៥ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ រងរបួសធ្ងន់ត្រូវចំដៃ និងពោះ ។
ក្នុងនោះបើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុផ្ទាល់បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពី ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 1IV-5692 បានដឹកប្រពន្ធនិងកូន២នាក់តាមផ្លូវ៣៧១ពីកើតមកលិច ដល់ចំណុចផ្លូវប្រសព្វបែកជាបួន ចំណុចភ្លើងស្តុបចំការដូង ស្រាប់តែមានបុរសម្នាក់ជាជនដៃដល់ ដែលជាខ្មាន់កាំភ្លើង ដែលជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GU-9897 តាមផ្លូវ២១៧ ពីត្បូងទៅជើង បានវ៉ាក់គ្នា តែមិនទាន់បុកគ្នានោះទេ ទើបមានការទាស់ពាក្យសម្ដីគ្នា ស្រាប់តែជនដៃដល់ជាខ្មាន់កាំភ្លើងនោះ បានដកកាំភ្លើងខ្មី បាញ់ទៅលើបុរសរងគ្រោះ ដែលជិះម៉ូតូឌុបប្រពន្ធកូននោះចំនួន៣គ្រាប់ ត្រូវចំ២គ្រាប់ត្រង់ពោះ និងដៃ រងរបួសធ្ងន់ធ្ងរ ហូរឈាមដក់នៅលើផ្លូវ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ។ ចំណែកខ្មាន់កាំភ្លើង បានជិះម៉ូតូគេចចេញពីកន្លែងកើតហេតុ រត់គេចខ្លួនដល់ផ្លូវបេតុងក្នុងបុរីលឹមឈាងហាក់ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ក៏ផ្តួលម៉ូតូចោលរត់គេចខ្លួនបាត់ស្រមោលតែម្តង សល់តែម៉ូតូប៉ុណ្ណោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក និងប្រមូលយកវត្ថុតាង ដើម្បីបើកការស្រាវជ្រាវតាមចាប់ខ្មាន់កាំភ្លើងរូបនោះ មកផ្តន្ទាទោសតាមច្បាប់ឲ្យខានតែបាន ខណៈជនរងគ្រោះកំពុងសង្គ្រោះបន្ទាន់៕