ជាងលាបថ្នាំផ្ទះម្នាក់ ឆ្លងចរន្តអគ្គិសនីពីម៉ាស៊ីនត្រជាក់ ឆ...ក់ស្លា....ប់ក្រោយបញ្ជូនទៅមន្ទីរពេទ្យ
សន្តិសុខសង្គម
259

រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ប្រញាប់បញ្ជូនបុរសម្នាក់ ទៅកាន់មន្ទីរពេទ្យភ្លាមៗតែអកុសលបានផុតដង្ហើមទៅហើយ ខណៈបុរសរូបនេះ បានឡើងលាបថ្នាំផ្ទះល្វែងមួយកន្លែង ស្រាប់តែឆ្លងចរន្តអគ្គិសនី ពីម៉ាស៊ីនត្រជាក់ ឆក់ធ្លាក់មកបោកផ្ទប់នឹងឥដ្ឋ កាលពីវេលាម៉ោង១០ និង១៥នាទី ព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចផ្ទះលេខB2-8 ផ្លូវបេតុង ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីបងស្រីម្ចាស់ផ្ទះបានឲ្យដឹងថា មុនពេលកើតហេតុ មានជាងមួយក្រុម មកជួសជុល និងលាបថ្នាំជញ្ជាំងផ្ទះឲ្យគាត់ពេលនោះ ជនរងគ្រោះបានឡើងទៅជាន់ខាងលើ លាបជញ្ជាំងផ្ទះតែម្នាក់ឯង រីឯជាងផ្សេងទៀត កំពុងជួសជុលនៅមុខផ្ទះ ក៏លឺសំឡេងគ្រាំង រត់ទៅមើល ឃើញជនរងគ្រោះធ្លាក់មកដល់ក្រោមលើឥដ្ឋទៅហើយ ទើបប្រញាប់បិតបារ៉ែត យកជនរងគ្រោះមកសង្គ្រោះបឋម តែធ្ងន់ធ្ងរពេក ក៏ប្រញាប់ដឹកជនរងគ្រោះតាមរម៉កកង់បី យកទៅពេទ្យរុស្ស៊ី តែអកុសលក៏ដាច់ខ្យល់ស្លាប់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី១ បានចុះដល់ទីតាំងកើតហេតុ ដើម្បីធ្វើការពិនិត្យ និងធ្វើកោសល្យវិច័យ ដឹកសាកសពជនរងគ្រោះ ទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ មេសា


 


Telegram