រាជធានីភ្នំពេញ ៖ នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ ស្របទៅតាមចក្ខុវិស័យ និងការបេ្តជ្ញាចិត្តខ្ពស់ក្នុងការផ្តល់ជូននូវប្រណិតភាពនៃសេវាធនាគារ តាមរយៈភាពទាន់សម័យ រហ័ស ងាយស្រួល និងទំនុកចិត្តខ្ពស់ ធនាគារ ហត្ថា តែងយកចិត្តទុកដាក់បំផុតទៅលើការផ្តល់នូវ សេវាធនាគារឌីជីថល ជាមួយបច្ចេកវិទ្យាជំនាន់ចុងក្រោយបំផុត ដើម្បីបំពេញនូវតម្រូវការទីផ្សារក៏ដូចជាការចង់បានរបស់អតិថិជន។
ជាការឆ្លើយតបទៅនឹងរាល់ភាពចាំបាច់ខាងលើ ធនាគារ ហត្ថា នឹងធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងកាត និងអេធីអឹម ទៅកាន់ជំនាន់ចុងក្រោយបំផុតក្នុងគោលបំណងបម្រើសេវាជូនអតិថិជនឱ្យកាន់តែប្រសើរ។
តាមរយៈការធ្វើទំនើបកម្មនេះ ប្រព័ន្ធគ្រប់គ្រងកាត និងអេធីអឹម នឹងត្រូវផ្អាកដំណើរការជាបណ្តោះអាសន្នចាប់ពី ម៉ោង ៨:០០ នាទីយប់ ថ្ងៃអាទិត្យ ទី១៩ ដល់ម៉ោង ៩:០០ នាទីព្រឹក ថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ ២០២១។
អំឡុងពេលនេះ អតិថិជន និងសាធារណជនទាំងអស់អាចបន្តរីករាយក្នុងការធ្វើប្រតិបត្តិការនៅគ្រប់ការិយាល័យសាខា ធនាគារ ហត្ថា ទាំង១៧៧ ទូទាំងប្រទេស សេវា Hattha Mobile ប្រព័ន្ធបាគង ការសងឥណទានតាមភ្នាក់ងារវីង និងការទូទាត់ផ្សេងៗទៀតដែលនៅដំណើរការជាធម្មតា លើកលែងតែសេវាផ្ទេរប្រាក់ទៅអេធីអឹម ផ្អាកដំណើរការកាតអេធីអឹម និងបញ្ចូលទឹកប្រាក់ទូរសព្ទតាមរយៈលេខកូដ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងការិយាល័យ ធនាគារ ហត្ថា ដែលនៅជិតលោកអ្នកបំផុត ឬទូរសព្ទលេខ ១៨០០ ២១២ ២២២ ឬ ០២៣ ៩៩៩ ២៦៦៕