រាជធានីភ្នំពេញ ៖ ផ្អើលអស់សមត្ថកិច្ចប៉ុស្ដិ៍នគរបាលទួលសង្កែទី២ និងប្រជាពលរដ្ឋ នាំគ្នាឡោមព័ទ្ធ និងឃាត់ខ្លួន បុរសម្នាក់ ដែលដើរគោះទ្វារបន្ទប់គេ និងមានកាន់កាំបិតជាប់ដៃ ចូលសម្ងំក្នុងបន្ទប់ជួលមួយកន្លែង កាលពីវេលាម៉ោង ៩ យប់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបងប្អូនប្រជាពលរដ្ឋ រាយការណ៍ទៅកាន់សមត្ថកិច្ចថា មានបុរសម្នាក់ មិនដឹងកើតអី វង្វេងវង្វាន់ កាន់កាំបិតជាប់ដៃ ដើរគោះទ្វារបន្ទប់ជួលគេគ្រប់គ្នា ធ្វើឲ្យគេមានការភ័យខ្លាច ទើបភ្លាមៗ សមត្ថកិច្ចបានចុះទៅដល់បានធ្វើការគោះទ្វារ និងហៅប្រុសខាងលើ ឲ្យចេញ តែមិនព្រមបើកទ្វារចេញទាល់តែសោះ ។
សមត្ថកិច្ចបន្តថា ភ្លាមៗ សមត្ថកិច្ចបានព្យាយាមប្រើប្រាស់គ្រប់វិធីសាស្ត្រ លួងលោម ឲ្យបុរសខាងលើ បើកទ្វា និងទម្លាក់កាំបិត ទម្រាំតែព្រម ទើបសមត្ថកិច្ចសម្រុកចាប់ឃាត់ខ្លួនបាន បញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី២ ដើម្បីធ្វើការសាកសួរនាំតែម្តង ដោយសមត្ថកិច្ចលើកឡើងថា សង្ស័យបុរសរូបនេះ បែកថ្នាំ ទើបដើរគោះទ្វារបន្ទប់ជួលគេ ដោយដៃមានកាន់កាំបិត និងស្រែកថា មានគេដេញវាយគាត់ បែបនេះ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសខាងលើ និងដកហូតបានកាំបិត ១ដើម យកទៅសាកសួរនៅប៉ុស្តិ៍នគរបាលទួលសង្កែទី២ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ Mrr Ka