រាជធានីភ្នំពេញ ៖ អគ្គិភ័យមួយកន្លែងបានកើតឡើង ដោយបានឆាបឆេះឃ្លាំងស្តុកទុកសម្ភារៈបម្រើការងារថតស្ពតផ្សព្វផ្សាយពាណិជ្ជកម្ម មួយកន្លែង យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ សមត្ថកិច្ច រួមទាំងរថយន្តពន្លត់អគ្គិភ័យ ចុះមកធ្វើការបាញ់ពន្លត់ កាលពីវេលាម៉ោង ៦ និង ៤៥នាទីយប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅចំណុច ក្រុមហ៊ុន ហាវ៉ាស់ រីវើអឃីត នៅផ្ទះលេខ២៥អា សិ្ថតបណ្តោយផ្លូវលេខ៥៦៦ ក្រុម៤៤ ភូមិ១១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ នេះបើយោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងកើតហេតុនេះ មានឈ្មោះ ឌុច លីដេ ភេទ ស្រី អាយុ៤១ ឆ្នាំ មុខរបរជាប្រធានផ្នែកផ្សព្វផ្សាយ ។ ចំណែកមូលហេតុ បណ្តាល មក ពី ឆ្លងចរន្តអគិ្គសនី ឆេះសំណង់ប្រភេទថ្មបេតុងប្រក់ស័ង្កសីទំហំ ២០ម៉ែត្រ x ៣០ម៉ែត្រ ខូចខាត ឆេះឃ្លាំងស្តុកទុកសម្ភារៈបម្រើការងារថតស្ពតផ្សព្វផ្សាយពាណិជ្ជកម្មទំហំ ១០ម៉ែត្រ x ៣០ម៉ែត្រ អស់ចំនួន ០១ ឃ្លាំង និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ ។
ភ្លាមៗក៏មានសមត្ថកិច្ចជាច្រើននាក់ បានចុះមកអន្តរាគមន៍ ដោយបានប្រើប្រាស់ រថយន្ត របស់ ការិយាល័យ អគ្គិភ័យ ចំនួន ១៦ គ្រឿង ប្រើប្រាស់ទឹកអស់ ២៥ រថយន្ត ស្មើរនឹង ១០០ ម៉ែត្រគូប និងមានរថយន្តនួយអន្តរាគមន៍រួមមាន ៖
- រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន ០២ រថយន្ត ប្រើប្រាស់ទឹកអស់ ០២ រថយន្ត សើ្មនឹង ១២ម៉ែត្រគូប ។
- រថយន្តអគ្គិភ័យកងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន ០២ ប្រើប្រាស់ទឹកអស់ ០២ រថយន្ត សើ្មនឹង ០៨ម៉ែត្រគូប ។
- រថយន្តអគ្គិភ័យទីក្រុងអូរឡាំព្យាចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ ០២ រថយន្ត សើ្មនឹង ១២ម៉ែត្រគូប ។
- រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ ០១ រថយន្ត សើ្មនឹង ០៦ម៉ែត្រគូប ។ រហូតរលត់ទៅវិញ នៅវេលាម៉ោង ៨យប់ ថ្ងៃដដែល ៕