រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាព លួចយកទាំងលុយ ទាំងម៉ូតូគេ ហើយជិះរត់គេចខ្លួនបាន១ថ្ងៃ ត្រូវបានម្ចាស់គេតាមរកឃើញ ធ្វើការចាប់ឃាត់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ៣ ដើម្បីសាកសួរ និងចាត់ការតាមច្បាប់ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានមកខ្លួនស្នាក់នៅជាមួយក្នុងផ្ទះជួលមួយកន្លែង នៅម្ដុំលូ៥ ព្រោះជាមិត្តនឹងគ្នា លុះដល់ថ្ងៃកើតហេតុ ជនសង្ស័យក៏យកសោរម៉ូតូម៉ាក Beat ដែលពាក់ស្លាកលេខ ភ្នំពេញ 1IV-3995 លាក់ក្នុងខ្លួន ឆ្លៀតពេលម្ចាស់គេមិននៅ ក៏បានលួចយកលុយអស់២០ម៉ឺនរៀល និងយកម៉ូតូគេមួយគ្រឿងទៀត ជិះទៅខេត្ត១ថ្ងៃ ពេលមកពីខេត្តវិញ ក៏ជិះផ្លូវវេងស្រេង ក៏ត្រូវបានជនរងគ្រោះជាម្ចាស់ម៉ូតូប្រទះឃើញ ចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង ដើម្បីយកទៅធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត ៕ Mrr Ka