រាជធានីភ្នំពេញ ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញនេះ បានបញ្ជូនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកចំនួន៤នាក់ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីពាក់ព័ន្ធករណីលួច (លួចយកកាបូបប្រាក់ និងម៉ូតូ)។ នេះបើយោងតាមផេកផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៦និង៣០នាទី កម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើស អំពើលួច (លួចយកកាបូបប្រាក់ និងម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ផ្លាកលេខ បន្ទាយមានជ័យ១-៩២២១ របស់ជនរងគ្រោះ រងរបួសសន្លប់ដោយគ្រោះថ្នាក់ចរាចរណ៍) ចំណុចលើស្ពានអាកាសស្ទឹងមានជ័យ ភូមិមានជ័យ១ សង្កាត់ស្ទឺងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង០១និង២០នាទីរំលងអាធ្រាត្រ។
ជនសង្ស័យរូបនេះ មានឈ្មោះ ឌី វណ្ណា ហៅ តឿ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ ឈឿក រស្មី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ បុគ្គលិកអគ្គិសនីកម្ពុជា មានទីលំនៅផ្ទះជួល ផ្លូវលំ ភូមិផ្សារប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្នុងនោះសម្ភារៈបាត់បង់ រួមមាន៖ កាបូបប្រាក់ និងម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១០ ពាក់ស្លាកលេខ បន្ទាយមានជ័យ១-៩២២១។
សមត្ថកិច្ចបានបន្តឲ្យដឹងថា ករណីនេះ បង្កឡើងដោយជនសង្ស័យចំនួន០៤នាក់ មានឈ្មោះ ឌី វណ្ណា ហៅ តឿ, ឈ្មោះ ធីធំ ភេទប្រុស អាយុប្រហែល២៩ឆ្នាំ និងបក្ខពួកចំនួន០២នាក់ទៀតមិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល២៩ឆ្នាំ នៅពេលជនរងគ្រោះឈ្មោះ ឈឿក រស្មី ភេទប្រុស អាយុ២៩ឆ្នាំ ជិះម៉ូតូម្នាក់ឯងធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ក៏ជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាស បណ្តាលឲ្យដួលម៉ូតូរអិលខ្ទាតពីជនរងគ្រោះចម្ងាយប្រហែល ១០ម៉ែត្រ ហើយជនរងគ្រោះរងរបួសបែកក្បាលចេញឈាម ហើយសន្លប់លែងដឹងខ្លួន ពេលនោះជនសង្ស័យឈ្មោះ ឌី វណ្ណា ហៅ តឿ, ឈ្មោះ ធីធំ និងបក្ខពួកចំនួន០២នាក់ទៀត មិនស្គាល់អត្តសញ្ញាណ ដែលកំពុងអង្គុយលេងនៅក្រោមស្ពានអាកាសបានឮ ក៏នាំគ្នារត់ទៅមើល ឃើញជនរងគ្រោះសន្លប់បាត់ស្មារតីមិនដឹងខ្លួន ជនសង្ស័យ ក៏នាំគ្នាឆែកលើខ្លួនជនរងគ្រោះ លួចយកកាបូបប្រាក់របស់ជនរងគ្រោះ ហើយជនសង្ស័យឈ្មោះ ឌី វណ្ណា ហៅតឿ ក៏រត់មកកន្លែងម៉ូតូរបស់ជនរងគ្រោះដួលហើយលើកម៉ូតូឡើង ពេលនោះបក្ខពួកឈ្មោះ ធីធំ បានមកដល់ហើយឡើងបើកម៉ូតូរបស់ជនរងគ្រោះ ឌុបឈ្មោះ ឌី វណ្ណា ហៅ តឿ គេចខ្លួនបាត់អស់។ បន្ទាប់មកសមត្ថកិច្ចមកដល់ក៏ដឹកជនរងគ្រោះទៅសង្គ្រោះនៅគ្លីនិកសួគ៌ា ៕