រាជធានីភ្នំពេញ ៖ ជុំវិញករណីប្លន់ ទៅលើស្ត្រីអ្នកលក់ឡេដ៍ល្បីឧកញ៉ា អ៊ាន សៀវម៉ី កាលពីម្សិលមិញ លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ អង្គភាពTVFB ឲ្យដឹងថា រហូតមកទល់ពេលនេះ ទាក់ទងនឹងការបាត់បង់ទ្រព្យសម្បត្តិ សមត្ថកិច្ចនៅមិនទាន់អាចកំណត់បានថា បានបាត់បង់ទ្រព្យសម្បត្តិកម្រិតណានោះទេ គ្រាន់តែដឹងថា បានបាត់បង់ថវិកា និងគ្រឿងអលង្កា មួយចំនួនតែទំហំនៃទឹកប្រាក់ និងមិនទាន់អាចកំណត់បាននោះទេបានប៉ុន្មាន ហើយពេលនេះសមត្ថកិច្ចកំពុងតែបើកការស្រាវជ្រាវ តាមចាប់ក្រុមជនល្មើសទាំងនោះ យកមកផ្តន្ទាទោសតាមច្បាប់ឲ្យខានតែបាន ។
ក្នុងនោះ យោងតាមសេចក្តីបំភ្លឺ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះនៅលើផេកផ្លូវការ ឲ្យដឹងផងដែរថា មិនមានការបាត់បង់លុយរហូតដល់ ៩ ឬ ១០លានដុល្លា ដូចសារព័ត៌មានមួយចំនួន បានចុះផ្សាយនោះទេ ទាក់ទងករណីមានមនុស្សមួយក្រុម បានចូលប្លន់ទ្រព្យសម្បត្តិ នៅផ្ទះលោកស្រី អ៊ាន សៀវម៉ី ដោយបានប្លន់យកលុយ និងគ្រឿងអលង្កការ សរុប ចំនួន ១០លានដុល្លារ នោះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបដិសេធចំពោះការចុះផ្សាយពីការបាត់ដ៍ច្រើនលើសលុបនេះ និងសូមបញ្ជាក់ ជូនសារធារណ:ជនទាំងអស់ឲ្យបានជ្រាបថា នៅពេលដែលសមត្ថកិច្ចចម្រុះកំពុងតែធ្វើការសាកសួរ និងស្រាវជ្រាវឲ្យបានច្បាសលាស់លើករណីនេះ ។ ជាក់ស្តែងតាមចម្លើយជនរងគ្រោះ បានបញ្ជាក់យ៉ាងច្បាស់ថា មិនមានការបាត់បង់លុយឡើយ គឺបាត់តែខ្សែក ពេជ្រ ចំនួ ន ៣ខ្សែ តែប៉ុណ្ណោះ ។
មិនតែប៉ុណ្ណោះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមអរគុណដល់សារព័ត៌មានទាំងឡាយ តែងតែសហការបានយ៉ាងល្អក្នុងផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវ និងមានប្រភពច្បាស់លាស់ពីអ្នកនាំពាក្យ ហើយក៏សូមសំណូមព រដល់សារព័ត៌មានមួយចំនួន សូមធ្វើការស្រាវជ្រាវ ឲ្យបានច្បាស់លាស់ជាមុនសិន មុននឹងធ្វើការចុះផ្សាយ ចៀសវាងធ្វើឱ្យមានភាពច្របូកច្របល់ ជាពិសេសបំប៉ោងសភាពការណ៍ ជាដើម ។ ពេលនេះសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់លើ ករណីនេះ ៕