រាជធានីភ្នំពេញ ៖ បុរសដែលជាងជួសជុលម៉ាស៊ីនសាឡង់ខ្សាច់ម្នាក់ បានបើកទូកស្មាច់ រួមដំណើរដោយបុរស២នាក់ទៀត រលត់ម៉ាស៊ីនត្រូវរលកធំបោកខ្ទប់សាឡង់ខ្សាច់ លិចទូក ហើយបាត់ខ្លួន ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញសពអណ្ដែតទឹកច្រាំងទន្លេ កាលវេលាម៉ោង៩ព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចច្រាំងកោះនរាហ៍ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ទន់ លី អាយុ២៤ឆ្នាំ មុរបរជាងម៉ាស៊ីន ស្នាក់នៅផ្ទះលេខ០៥៣ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីម្ដាយ ជនរងគ្រោះបានបញ្ជាក់ប្រាប់ក្រុមការងារ TVFB ឲ្យដឹងថា ជនរងគ្រោះមានប្រពន្ធ និងកូនស្រីតូចអាយុ៦ឆ្នាំម្នាក់ រស់នៅក្នុងបន្ទុកគ្រួសារ ហើយមុនពេលកើតហេតុ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ជនរងគ្រោះបានបើកទូកស្មាច់មួយគ្រឿង រួមដំណើរជាមួយបុរស២នាក់ទៀត បានជិះទៅជួសជុលម៉ាស៊ីនសាឡង់ខ្សាច់ ខណៈទៅដល់ សាឡង់ខ្សាច់ទូករលត់ម៉ាស៊ីនដោយជនរងគ្រោះកំពុងជួសជុលម៉ាស៊ីននោះ ស្រាប់តែមានរលកធំ បោកទូកទៅផ្ទប់សាឡង់ បណ្ដាលលិចធ្លាក់មនុស្សតែម្ដង។
ចំណែកបុរស២នាក់ទៀត បានហែលឡើងសាឡង់រួចខ្លួន បន្ទាប់មកក៏បាននាំគ្នាមុជរាវរកសពជនរងគ្រោះ តែរកមិនឃើញ រហូតនៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២២០២១ ទើបប្រជាពលរដ្ឋប្រទះឃើញ ក៏បាននាំគ្នាទៅលើកសពយកមកធ្វើបុណ្យតាមប្រពៃណី នៅវត្តទួលសង្កែតែម្ដង។
ក្រោយមក សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ បានចុះមកដល់ទីតាំងកន្លែងធ្វើបុណ្យសព ដោយក្រុមគ្រួសារសាច់ញាតិសពមិនធ្វើការប្ដឹងផ្ដល់នោះទេ សមត្ថកិច្ចក៏បានធ្វើកំណត់ហេតុប្រគល់សពអោយសាច់ញាតិធ្វើបុណ្យទៅតាមប្រពៃណី៕ មេសា