ខេត្តកំពង់ស្ពឺ ៖ ដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៤) ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរ មានការចូលរួមស្នងការដ្ឋានគរបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលពីលោក ជំទាវ ចាត សូរស្មី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវបង្រ្កាប នៅចំណុចភូមិសុវណ្ណគីរី ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ក្នុងនោះ ជាលទ្ធផល សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ម៉ែន វិច្ឆិការ ភេទប្រុស អាយុ ១៩ឆ្នាំ និងដកហូត វត្ថុតាងរួមមាន មេតំហ្វេតាមីន (ICE)ទម្ងន់ ១៣៨៥,៤៩ក្រាម ផងដែរ។ នេះបើយោងតាមផេក មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ បន្តតាមនីតិវិធីច្បាប់ ៕