នគរបាលប៉ុស្តិ៍ចោមចៅទី១ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់បន្ទប់ជួល លួចកុំព្យូទ័រ របស់ប្រជាពលរដ្ឋ
រាជធានីភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចោមចៅទី១ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់បន្ទប់ជួលលួចកុំព្យូទ័រ របស់ប្រជាពលរដ្ឋ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចភូមិត្រពាំងថ្លឹង០២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ គី បូរ៉ាន់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិកើតហេតុខាងលើ។ ចំណែកជនសង្ស័យឈ្មោះ ឌី បញ្ញា ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ។ ក្នុងនោះ សមត្ថកិច្ចដកហូតបាន កុំព្យូទ័រ ចំនួន០១គ្រឿង និងម៉ាស៊ីនថតចម្លង ចំនួន០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕