ខេត្តព្រះសីហនុ ៖ ជនសង្ស័យមួយក្រុម ដែលជាមុខសញ្ញាលួចកាច់បំបែកសោ.កម៉ូតូបងប្អូនប្រជាពលរដ្ឋយ៉ាងសកម្ម និងទទួលទិញផលចោរកម្ម ត្រូវបានសមត្ថកិច្ចជំនាញផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ស្រាវជ្រាវចាប់ឃាត់ខ្លួនបាន ចំនួន៨នាក់ ដកហូតបានស្លាកលេខម៉ូតូជាច្រើនបន្ទះ ។ នេះបើយោងតាមផេក របស់លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង ៩ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតស្រាល បានទទួលបណ្តឹងពីជនរងគ្រោះឈ្មោះ សៀង ចាន់ដា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរចុងភៅ ថាបានបាត់ម៉ូតូម៉ាក Zoomer-X ឆ្នាំ២០១៨ ពណ៌ស្វាយ ពាក់ស្លាកលេខ ព្រះសីហនុ 1G-6945 ដែលចតទុកនៅមុខបន្ទប់ជួល ស្ថិតនៅក្រុមទី១៩ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានបន្តទៀតថា ជនសង្ស័យទាំង ៨នាក់ ដែលឃាត់ខ្លួនបាននេះ ៖
១-ឈ្មោះ សុង វិច្ឆិកា ហៅ អឿន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
២-ឈ្មោះ ហាក់ វិទូ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
៣-ឈ្មោះ យ៉ាវ ឧត្តម ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ ។
៤-ឈ្មោះ សំ សុខជា ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ ។
៥-ឈ្មោះ ម៉ូង ឡុង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ ។
៦-ឈ្មោះ ឈឿន ពិទូ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ ។ (ពួកគេទាំង៦នាក់ ពាក់ព័ន្ធនឹងករណីលួច )
ចំណែកជនសង្ស័យទី៧ មានឈ្មោះ រឿន ពៅ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ ជាងម៉ូតូ ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
៨-ឈ្មោះ រឿន បូរ៉េត ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរ ជាងម៉ូតូ ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ (ទាំង២នាក់នេះ ពាក់ព័ន្ធនឹងការទទួលផលចោរកម្ម )។
ក្នុងនោះសមត្ថកិច្ចធ្វើការដកហូតបាន ម៉ូតូចំនួន ៦គ្រឿង ម៉ាក ZOOMER X ចំនួន៤គ្រឿង, ម៉ាក HONDA ICON ចំនួន១គ្រឿង និង SUZUKI MIO ចំនួន១គ្រឿង , ស្លាកលេខម៉ូតូ ចំនួន ១២ សន្លឹក , កញ្ចក់ម៉ូតូ ១គូ និងកាងម៉ូតូ ១ ។
ក្នុងនោះ សមត្ថកិច្ច ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក៏បានជូនដំណឹង ដល់ជនរងគ្រោះដែលបាត់ម៉ូតូ សូមរួសរាន់មកពិនិត្យម៉ូតូដែលសមត្ថកិច្ចដកហូតបាននៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ខណៈជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត ៕