រាជធានីភ្នំពេញ ៖ មន្រ្តីជំនាញ ក.ប.ប. សាខារាជធានី ខេត្តចំនួន ៣ គឺខេត្តស្វាយរៀង ខេត្តកំពង់ចាម និងរាជធានីភ្នំពេញ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញនេះ បានបន្តតួនាទីភារកិច្ចរបស់ខ្លួនចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទដាក់ចរាចរលក់នៅលើទីផ្សារស្ថិតក្នុងខេត្តរបស់ខ្លួន ដូចជាផ្សារពោធិ៍តាហោ ក្នុងខេត្តស្វាយរៀង ផ្សារច្បារអំពៅ ក្នុងរាជធានីភ្នំពេញ និងស្រុកចំការលើខេត្តកំពង់ចាម។ នេះបើយោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF ។
មន្ត្រីជំនាញបានឲ្យដឹងថា គោលបំណង នៃការត្រួតពិនិត្យគឺដើម្បីធានាការពារនូវសុខុមាលភាពប្រជាពលរដ្ឋ តាមរយៈការទប់ស្កាត់ទំនិញមិនមានភាពអនុលោម ដែលអាចប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។
ក្នុងនោះ យោងតាមលទ្ធផល មន្រ្តីជំនាញបានរកឃើញ និងដកហូតនូវទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ១០៣.៤២គីឡូក្រាមមករក្សាទុកដើម្បីបន្តនីតិវិធី និងពិន័យអន្តរការណ៍លើម្ចាស់ទំនិញផងដែរ ៕