ជនជាតិថៃប្រុសស្រី២៥នាក់ ត្រូវសមត្ថកិច្ចចាប់បញ្ជូនទៅប្រទេសកំណើតវិញ ពាក់ពន្ធ័លួចឆ្លងដែនមកធ្វើការខុសច្បាប់នៅកម្ពុជា
សន្តិសុខសង្គម
107

ខេត្តបន្ទាយមានជ័យ៖ ជនជាតិថៃប្រុស ស្រី ចំនួន២៥នាក់ ត្រូវសមត្ថកិច្ចកម្ពុជា ឃាត់ខ្លួនបញ្ជូនទៅប្រទេសកំណើតវិញ កាលរសៀលថ្ងៃ២រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ក្រោយរកឃើញថា ពួកគេបានលួចឆ្លងដែនមកស្នាក់នៅនិងធ្វើការខុសច្បាប់នៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។

ពិធីប្រគល់ទទួលភាគីកម្ពុជា-ថៃ បានធ្វើឡើងលើស្ពានមិត្តភាពកម្ពុជា-ថៃ នៅច្រកអន្តរជាតិប៉ោយប៉ែតឈមគ្នាច្រកខ្លងលឹក ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរ: ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង និងលោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរង ផែនការងារអន្តោប្រវេសន៍ តំណាងលោកឧត្តម សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្នុងនោះក៏មានការចូលរួមពីកម្លាំងនគរបាលការិយាល័យ​ស៊ើបអង្កេត​ និងអនុវត្តន៍នីតិវិធី​ កម្លាំងអធិការដ្ឋានក្រុង​ ប៉ោយប៉ែត និងកម្លាំងវរ:សេនាតូចនគរបាលការពារព្រំដែនគោក៩១១ផងដែរ។

លោកឧត្តមសេនីយ៍ត្រី អេង លីហួរ បានមានប្រសាសន៍ថា ជនជាតិថៃប្រុសស្រីទាំង២៥នាក់ ស្រី១១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅក្នុងអាគារជួលមួយកន្លែង ខាងកើតជាប់បុរីសានហូរ ស្ថិតនៅក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ក្រោយសមត្ថកិច្ចរកឃើញថា ពួកគេលួចឆ្លងដែនមកស្នាក់នៅនិងធ្វើការខុសច្បាប់៕  


Telegram