ខេត្តស្ទឹងត្រែង៖ ជនសង្ស័យចំនួន ៧នាក់ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួនបាន ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូរបស់ប្រជាពលរដ្ឋកន្លងទៅថ្មីៗនេះ ។ នេះបើយោងតាមផេកផ្លូវការ របស់លោកស្នងការនគរបាលខេត្តស្ទឹងត្រែង ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន និងពាក្យបណ្តឹងរបស់ជនរងគ្រោះ និងក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង លោក ស្នងការនគរបាលខេត្តស្ទឹងត្រែង បានដាក់ចេញនូវបទបញ្ជា និងចាត់តាំងកម្លាំងជំនាញ នៃផែនការងារនគរបាលព្រហ្មទណ្ឌ ធ្វើការស្រាវជ្រាវ ស្វែងរកមុខសញ្ញាក្មេងទំនើង ដែលតែងតែបង្កការអុកឡុកនៅតាមទីសាធារណៈ ក៏ដូចជាការបង្កឲ្យមានអំពើហិង្សាដោយចេតនា និងជនសង្ស័យដែលបានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូរបស់ប្រជាពលរដ្ឋកន្លងទៅថ្មីៗនេះ នៅក្នុងភូមិសាស្រ្តក្រុងស្ទឹងត្រែង ។
ក្នុងនោះសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យទាំងនោះបានចំនួន០៧នាក់ ដោយដកហូតបានវត្ថុតាងមួយចំនួនផងដែរ។
បច្ចុប្បន្នកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យរួមទាំងវត្ថុតាងទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕