ខេត្តព្រះសីហនុ ៖ ដោយមានការដឹកនាំបញ្ជារ ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត បានបង្ក្រាប ករណី ប៉ុនប៉ងមនុស្សឃាត កាន់កាប់រក្សាទុកប្រើប្រាស់អាវុធដោយខុសច្បាប់ និងប៉ុនប៉ងចាប់ជំរិត ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១និង២០នាទីរសៀល មានជនសង្ស័យ ០២នាក់ ជាជនជាតិចិន ភេទប្រុស ១-ឈ្មោះ JIANG FENG ,២-ឈ្មោះ BAO JIE បានទៅជួបអ្នកគ្រប់គ្រងសណ្ឋាគារ និងកាស៊ីណូ វិមានខ្សាច់មាស នៅខាងមុខសណ្ឋាគារ និងកាស៊ីណូ វិមានខ្សាច់មាស ស្ថិតនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ដោយជនសង្ស័យទាំង ០២នាក់ សុំចូលធ្វើការនៅសណ្ឋាគារ និងកាស៊ីណូ វិមានខ្សាច់មាស ហើយជនសង្ស័យទាំង ០២នាក់ បានសុំខ្ចីលុយពីអ្នកគ្រប់គ្រង ក្នុងម្នាក់ ១៨,០០០$ (មួយម៉ឺនប្រាំបីពាន់ដុល្លារអាមេរិក) សរុបទាំង ០២នាក់ ចំនួន ៣៦,០០០$ (បីម៉ឺនប្រាំមួយពាន់ដុល្លារអាមេរិក)។ លុះក្រោយពេលដែលអ្នកគ្រប់គ្រងសណ្ឋាគារ និងកាស៊ីណូ វិមានខ្សាច់មាស បានវេរលុយឲ្យជនសង្ស័យទាំង ០២នាក់ រួចមក ស្រាប់តែជនសង្ស័យទាំង ០២នាក់ ព្យាយាមចាប់ខ្លួនអ្នកគ្រប់គ្រងសណ្ឋាគារ និងកាស៊ីណូ វិមានខ្សាច់មាស ដោយជនសង្ស័យឈ្មោះ JIANG FENG យកកាំភ្លើងខ្លី ០១ដើម ភ្ជង់ក្បាលពោះជនរងគ្រោះ រីឯជនសង្ស័យឈ្មោះ BAO JIE ចាប់ក្រៀកក ហើយក៏ត្រូវបានសន្តិសុខ និងបុគ្គលិករបស់សណ្ឋាគារ និងកាស៊ីណូ វិមានខ្សាច់មាស ឃើញ ក៏បានចូលទៅប្រតាយប្រតប់ជាមួយជនសង្ស័យទាំង ០២នាក់ ដោយឃើញសភាពការណ៍មិនសូវស្រួល ជនសង្ស័យឈ្មោះ JIANG FENG បានទាញកាំភ្លើងខ្លីរបស់វា បាញ់សំដៅទៅសន្តិសុខ និងបុគ្គលិករបស់សណ្ឋាគារ កាស៊ីណូ វិមានខ្សាច់មាស ០១គ្រាប់ បណ្តាលឲ្យត្រូវសន្តិសុខជនជាតិចិនម្នាក់ រងរបួសត្រង់ក្បាលពោះ បៀមគ្រាប់ជាប់ខាងក្នុង បន្ទាប់មកជនសង្ស័យទាំង ០២នាក់ បាននាំគ្នារត់គេចខ្លួនបាត់អស់ ។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កម្លាំងអន្តរាគមន៍ពិសេស ចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង ២និង៣០នាទីរសៀល ទើបឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ BAO JIE រីឯជនសង្ស័យម្នាក់ទៀត ឈ្មោះ JIANG FENG ជាជនដៃដល់ បានរត់គេចខ្លួន ព្រមទាំងយកកាំភ្លើងខ្លីទៅជាមួយ ។
ជុំវិញករណីនេះ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បន្តការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីតាមចាប់ខ្លួនជនសង្ស័យឈ្មោះ JIANG FENG រហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ វេលម៉ោង ៤ និង ៣០នាទីល្ងាច ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យឈ្មោះ JIANG FENG ដែលកំពុងសម្ងំលាក់ខ្លួននៅនៅក្នុងសណ្ឋាគារមួយកន្លែង ស្ថិតនៅភូមិអ៊ុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ព្រមទាំងដកហូតបានវត្ថុតាងកាំភ្លើងខ្លី ចំនួន ០១ដើម ដែលជនសង្ស័យយកទៅលាក់ទុកនៅបន្ទប់ជួលមួយកន្លែងម្តុំ អ៊ិលវីចាស់ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវបានជនសង្ស័យ ប៉ុនប៉ងចាប់ជំរិត មានឈ្មោះ WANG BING JIE ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិចិន មុខរបរ អ្នកគ្រប់គ្រងសណ្ឋាគារ និងកាស៊ីណូ វិមានខ្សាច់មាស មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ជនរងគ្រោះ ដែលជាសន្តិសុខ រងរបួសដោយត្រូវគ្រាប់កាំភ្លើង ០១គ្រាប់ មានឈ្មោះ ZHANG SHUANG (ជ័ង ស័ង ) ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិចិន មុខរបរ សន្តិសុខសណ្ឋាគារ និងកាស៊ីណូ វិមានខ្សាច់មាស មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បានរងរបួសត្រូវគ្រាប់កាំភ្លើង ០១គ្រាប់ ត្រង់ក្បាលពោះ បៀមគ្រាប់ជាប់ខាងក្នុង កំពុងសង្គ្រោះនៅមន្ទីពេទ្យចិន ស៊ីកាងអ៊ីយៀន ។
ចំណែកជនសង្ស័យទាំង ០២នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ JIANG FENG ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
២-ឈ្មោះ BAO JIE ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែនលេខៈ EH0751542 មានទីលំនៅ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
មិនតែប៉ុណ្ណោះ សមត្ថកិច្ចបានធ្វើការដកហូតបានរួមមាន៖
-កាំភ្លើងខ្លី ០១ដើម ម៉ាក ZORAKI M906-TD ពណ៌ទឹកប្រាក់-ខ្មៅ មានលេខសម្គាល់ៈ 000168
-បង់កាំភ្លើង ០១ មាន ០៥គ្រាប់
-បំពង់ផ្ទប់សម្លេង (ស៊ីឡង់) ០១ ពណ៌ខ្មៅ
-ខ្នោះដៃ ០២គូរ
-ពិលឆក់ ០១គ្រឿង
-ស្កុត ០១ដុំ ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ៕ សំណាង