ទីតាំងសង្វៀនល្បែងភ្នាល់ជល់មាន់មួយកន្លែង ត្រូវអាវុធហត្ថស្រុកព្រៃនប់ ចុះបង្ក្រាប ឃាត់ខ្លួនមនុស្សជិត២០នាក់ ដកហូតម៉ូតូជិត៤០គ្រឿង រថយន្ត២គ្រឿង
សន្តិសុខសង្គម
384

ខេត្តព្រះសីហនុ ៖ ទីតាំងសង្វៀនល្បែងភ្នាល់ជល់មាន់មួយកន្លែង ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ ចុះធ្វើការបង្ក្រាប ដោយឃាត់ខ្លួនមនុស្សជិត២០នាក់ ដកហូតបានម៉ូតូជិត៤០គ្រឿង រួមទាំងវត្ថុតាងមួយចំនួនទៀត កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១។ នេះបើយោងតាមផេក មូលដ្ឋានកងរាជអាវុធហត្ថស្រុក ព្រៃនប់ ខេត្តព្រះសីហនុ ។

កងរាជអាវុធហត្ថស្រុកព្រៃនប់ បានឲ្យដឹងថា ការចុះបង្ក្រាបនេះ គឺធ្វើឡើង ដោយមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ទើបកម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ម៉ែន វណ្ណា សហការ ជាមួយកម្លាំងការិយាល័យបទល្មើស ព្រហ្មទណ្ឌ ខេត្តព្រះសីហនុ ដឹកនាំដោយលោកវរសេនីយ៍ត្រី សេក សូនី នាយការិយាល័យបទល្មើសព្រហ្មទណ្ឌ និងរួមជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកស្ទឹងហាវ ចុះបង្ក្រាបតែម្តង ។

ក្នុងរង្វង់ប្រតិបត្តិនោះដែរ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សបានចំនួន ១៨នាក់ និងបានធ្វើការដកហូតបាន ម៉ូតូចំនួន ៣៩គ្រឿង , រថយន្តចំនួន ០២គ្រឿង, មាន់ជល់មួយចំនួន, ជញ្ជីងថ្លឹងមាន់ ០១ និងសម្ភារៈជល់មាន់មួយចំនួនទៀត ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅកាន់ការិយាល័យបទល្មើសព្រហ្មទណ្ឌខេត្ត ដើម្បីចាត់ការតាមច្បាប់បន្តទៀត ។ រីឯវត្ថុតាងត្រូវបានរក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ ៕


Telegram