រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចទាំងយប់ ខណៈក្មេងស្ទាវជាច្រើនម៉ូតូបានដេញវាយ និងកាប់គ្នា រត់ប្រសាចតាមដងផ្លូវសាធារណៈ ស្រាប់តែមានម៉ូតូរបស់បក្ខពួកក្រុមក្មេងស្ទាវនោះ ដែលអះអាងថាខ្លួនត្រូវគេដេញវាយនោះ បានជ្រុលចង្កូតមកបុកជាមួយនឹងរម៉កលក់ផ្លែឈើ ពេញទំហឹងតែម្តង បណ្តាលឲ្យបុរសម្នាក់ ដែលមិនដឹងរឿងអីសោះ ត្រូវមករងគ្រោះ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ កាលពីវេលាម៉ោង ៣ និង១១ នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវព្រះសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បើតាមសម្តីរបស់យុវជន២នាក់ ដែលជាក្រុមក្មេងស្ទាវមួយក្រុម ដែលអះអាងថាខ្លួនត្រូវបានគេដេញកាប់នោះ បានបញ្ជាក់ប្រាប់ក្រុមការងារTVFB ឲ្យដឹងថា មុនពេលកើតហេតុ ពួកខ្លួនមានគ្នាមួយក្រុមធំ ជិះម៉ូតូជាច្រើនគ្រឿង បានចុះពីកោះពេជ្រ លុះដល់ចំណុចកែងនឹងស្ថានទូតសូវៀត ស្រាប់តែមានក្រុមក្មេងស្ទាវមួយក្រុមទៀត ដែលពួកខ្លួនមិនស្គាល់នោះទេ ប្រដាប់ដោយដាវ បានដេញតាមវាយនិងកាប់មកលើក្រុមពួកគេ ទើបនាំគ្នាជិះម៉ូតូម៉ាកសង់០២០ ពាក់ស្លាកលេខ ភ្នំពេញ 1IB-1503 រត់គេចតែម្តង តែបែរជាមកជ្រុលបុកនឹង រម៉កលក់ផ្លែឈើពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ ដែលមិនដឹងរឿងអីសោះ ត្រូវមករងគ្រោះ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ រីឯពួកគេទាំង២នាក់ដែលជិះម៉ូតូទៅបុកគេនេះ ក៏ត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួនបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលសង្កាត់ទន្លេបាសាក់ ដើម្បីសាកសួរភ្លាមៗ។
សមត្ថកិច្ចបានឲ្យដឹងថា ក្មេងទំនើងទាំង២នាក់ ដែលឃាត់ខ្លួននេះ ទី១ ឈ្មោះ ជួន ចំរ៉ុង និងទី២ឈ្មោះ ធឿន ធារ៉ា ។
ក្រោយកើតហេតុ ជនរងគ្រោះដែលជាអ្នកបើករម៉កលក់ផ្លែឈើ ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ចំណែកជនសង្ស័យ និងម៉ូតូរួមទាំងរម៉ក ត្រូវបានយកទៅកាន់ប៉ុស្តិ៍ទន្លេបាសាក់ ដើម្បីចាត់ការបន្ត ៕