រាជធានីភ្នំពេញ ៖ ពិតជាថ្លើមធំ ជនសង្ស័យម្នាក់ ហ៊ានមករៀបនឹងលួចម៉ូតូ ដល់មុខប៉ុស្តិ៍ប៉ូលិសតែម្តង តែស៊យធំ ត្រូវបានសមត្ថកិច្ចដែលប្រចាំការ ធ្វើការចាប់ឃាត់ខ្លួនបានភ្លាមៗ កាលពីវេលាម៉ោង ៥ និង៣០នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចមុខស្នាក់ការប៉ុស្ដិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី៣ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឆែកឆេររកឃើញសុទ្ធតែប្រដាប់ប្រដារធ្វើសកម្មភាពតែម្តងដែលជនសង្ស័យដាក់ជាប់ខ្លួន ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យរូបនេះមានឈ្មោះ ហម បូរ៉ា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាសន្តិសុខក្រុមហ៊ុនឯកជន ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ (មានផ្ទុកសារធាតុញៀន) ។
ក្នុងនោះដែរ សមត្ថកិច្ចក៏បានធ្វើការឆែកឆេរ រកឃើញនិងដកហូតបានវត្ថុតាងរួមមាន ៖ ដែកចុងស្រួចចំនួន០១ , ដែកមូលចំនួន០១, ម៉ាឡេតចំនួន០១ , ដង្កាប់ចំនួន០២, ទួណឺវីសចំនួន០១ និងសោចិញ្ចៀនចំនួន០១ ។
សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា មុនដំបូងឡើយ សមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី៣កំពុងតែអង្គុយប្រចាំការ នៅក្នុងស្នាក់ការប៉ុស្តិ៍ ស្រាប់តែមានជនសង្ស័យខាងលើ បានដើរមកក្រវែលម៉ូតូ នៅមុខប៉ុស្តិ៍ប៉ូលិសតែម្តង ។ ដោយមានការសង្ស័យសមត្ថកិច្ចក៏ឃាត់ ដើម្បីសាកសួរនិងឆែកឆេរ រកឃើញវត្ថុតាងសម្រេចកាច់កម៉ូតូ ជាប់នឹងខ្លួន តែម្តង ហើយបើតាមការសារភាពរបស់ជនសង្ស័យនៅចំពោះមុខសមត្ថកិច្ចបានឆ្លើយសារ ខ្លួនដើរក្រវែលរកលួចម៉ូតូនៅមុខស្នាក់ការប៉ុស្តិ៍ប៉ូលិស តែប៉ូលិសដឹងមុន ក៏ចាប់បានតែម្តង ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ ដើម្បីបញ្ជូនខ្លួនជនសង្ស័យខាងលើ ទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងកសាងសំណុំរឿង បញ្ជូនខ្លួនបន្តទៅកាន់តុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ មេសា