រាជធានីភ្នំពេញ ៖ សមត្ថកិច្ច និងអាជ្ញាធរ សាលាសង្កាត់ស្ទឹងមានជ័យ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះបិទទីតាំងអាជីវកម្ម ចិញ្ចឹមដង្កូវ និងពងរុយ ស្ថិតនៅភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ នេះបើយោងតាមផេកផ្លូវការរបស់ សាលាសង្កាត់ស្ទឹងមានជ័យ ។
ការចុះបិទទីតាំងអាជីវកម្ម ចិញ្ចឹមដង្កូវ និងពងរុយនេះ គឺបានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ នេះ ដើម្បីធ្វើការពិនិត្យ ស៊ើបអង្កេត ស្រាវជ្រាវបទល្មើស ការបំពុលបរិស្ថាន (គុណភាពទឹក ដី ខ្យល់ សម្លេងរំខាន) និង ផលប៉ះពាល់ចំពោះសុខភាពប្រជាពលរដ្ឋ ដែលបណ្ដាលមកពី ទីតាំងអាជីវកម្មចិញ្ចឹម ដង្កូវនិង ពងរុយ ដែលបានបង្កហេតុប៉ះពាល់បរិស្ថាន ទាំងកាកសំណល់អាហាររលួយ និងមានក្លិនស្អុយ ថែមទាំងប៉ះពាល់ដល់អ្នកជិតខាង ប៉ះពាល់ដល់សុខភាពមនុស្សថែមទៀត ។
មិនតែប៉ុណ្ណោះ អាជ្ញាធរមានសមត្ថកិច្ច ទុកពេលមួយសប្ដាហ៍ ដើម្បីឲ្យម្ចាស់ទីតាំងនេះ ប្តូទីតាំងចេញ ព្រោះកន្លែង ចិញ្ចឹមសព្វថ្ងៃ ក្លាយទៅជាទីប្រជុំជនទៅហើយ និងប៉ះពាល់ដល់ សុខភាពមនុស្សខ្លាំងណាស់ ៕