រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន០២នាក់ធ្វើសកម្មភាពឆក់កាបូប ពីស្ត្រីម្នាក់ ហើយត្រូវបានកូនរបស់គាត់បើករថយន្តដេញតាមពីក្រោយ ស្របពេលនោះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌទួលគោក កំពុងល្បាត បានឃើញចាប់ឃាត់ខ្លួនបាន២នាក់ភ្លាមៗ កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចមុខហាងគុយទាវកូនហេង ក្បែផ្សារ ធីខេ (TK) តាមផ្លូវ៥១៦ កែង៣១៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ នេះបើយោងតាមផេក កងរាជអាវុធហត្ថរាជធានីភ្នំពេញ ។
អាវុធរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលឃាត់ខ្លួនបាននេះ មានឈ្មោះ ៖
១-វ៉ា វីណា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅផ្ទះជួល ម្តុំផ្សារទួលទំពូង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានស្រុកកំណើត នៅភូមិទួលកណ្តាល ឃុំកោះ២ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។
២-ញ៉ែម រតនា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ ជាងភ្លើង ស្នាក់នៅផ្ទះជួល ម្តុំបឹងកក់សង្កាត់ស្រះចក ខណ្ឌដូនពេញ មានស្រុកកំណើតនៅ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ក្រោមវិធានការជំនាញជនសង្ស័យទាំង០២នាក់ បានសារភាពឲ្យដឹងថា នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ពួកខ្លួន និងបក្ខពួក០៣នាក់ផ្សេងទៀត ជិះម៉ូតូចំនួន០៣គ្រឿង បានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះ នៅចំណុចហាងគុយទាវកូនហេង ម្តុំអង់តែនទួលគោក ផ្លូវ៥១៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ពិតប្រាកដមែន។ បន្ទាប់ពីធ្វើសកម្មភាពរួចពួកខ្លួន និងបក្ខពួក បានព្យាយាមជិះគេចខ្លួន តែត្រូវកូនប្រុសរបស់ជនរងគ្រោះជិះរថយន្តដេញតាមពីក្រោយ ស្របពេលនោះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌទួលគោកកំពុងល្បាតក្នុងភូមិសាស្រ្តក្បែរនោះ ក៏ឃាត់ពួកខ្លួនបាន០២នាក់ភ្លាមៗ រួមនឹងម៉ូតូមួយគ្រឿងម៉ាក Dream C125 ពណ៌ខ្មៅស៊េរី២០១៧ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1B- 3929 ចំណុចផ្លូវ៣១៥ កែង ៥២៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក យកមកមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោកដើម្បីធ្វើសាកសួរតែម្តង។
ចំណែកបក្ខពួកជនសង្ស័យដែលបានរត់គេចខ្លួន កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោកកំពុងធ្វើការស្រាវជ្រាវឃាត់ខ្លួនបន្ត។ ហើយកម្លាំងអាវុធហត្ថខណ្ឌទួលគោក ក៏បានប្រគល់កាបូប ជូនជនរងគ្រោះវិញផងដែរ។ ជនសង្ស័យទាំង០២នាក់ បានយកសំណាករួចដោយប្រើឧបករណ៍តេសរហ័ស Rapit Test លទ្ធផលអវិជ្ជមានកូវីត១៩។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕