ខេត្តតាកែវ ៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកបាទីធ្វើការចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណីឆក់ទូរសព្ទពីស្ត្រីម្នាក់បានសម្រេច ហើយព្យាយាមរត់គេចខ្លួន កាលពីវេលាម៉ោង ១២និង៣៥នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចលើផ្លូវជាតិលេខ២ ភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។ នេះបើយោងតាមផេកផ្លូវការរបស់អធិការដ្ឋាននគរបាលស្រុកបាទី ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២ នាក់ដែលឃាត់ខ្លួនបាននេះ រួមមាន៖
១/.ឈ្មោះ សយ ដាវ៉ាន់ ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិអង្គខ្ជាយខាងជើង ឃុំដានគោម ស្រុកអង្គរជ័យ ខេត្តកំពត
២/.ឈ្មោះ សុខ ពុត ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិស្ដុក ឃុំសំឡាញ ស្រុកអង្គជ័យ ខេត្តកំពត ។
សមត្ថកិច្ចបន្តឲ្យដឹងទៀតថា ជនសង្ស័យទាំង២នាក់នេះ បានជិះម៉ូតូធុន C125 សេរី ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ខេត្តព្រៃវែង 1Q-0159 បានធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃម៉ាកOPPO ពីជនរងគ្រោះឈ្មោះ ចាន់ រីណា ភេទស្រី អាយុ ៣៦ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ រួចជិះគេចខ្លួន។
ក្រោយទទួលបានព័ត៌មានពីជនរងគ្រោះ ដោយមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោស្នងការនគរបាលខេត្តតាកែវ និង សម្របសម្រួលនីតិវិធីពី ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ឆាយ កែវមុន្នី កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកបាទី បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងសាប និង ឃុំកណ្តឹង និងប្រជាការពារពួនស្ទាក់គ្រប់ច្រកល្ហក រហូតដល់វេលាម៉ោង ១និង ៣០ នាទីរសៀល ថ្ងៃខែឆ្នាំដដែលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំង២នាក់ក្នុងព្រៃខាងជើងភូមិរកាខ្ពស់ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តកែវ មកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីសាកសួរ និង កសាងសំណុំរឿងតាមនីតិវិធីច្បាប់។
ចំណែកឯទូរសព្ទ័ដៃជនរងគ្រោះត្រូវជនបានសង្ស័យថា ខ្លួនបានបោះចោលបាត់ហើយ ។ ក្នុងនោះ កម្លាំងសមត្ថកិច្ចបានជួយរុករកដែរ តែរកមិនឃើញ៕