រាជធានីភ្នំពេញ ៖ បុរសម្នាក់ ជិះម៉ូតូខ្វះការប្រុងប្រយ័ត្ន បើកទាក់ដៃចង្កូតជាមួយនឹងម៉ូតូហុងដាប៊ីតមួយគ្រឿងទៀត បានជ្រុលចង្កូតបុកចូលក្នុងផ្ទះជាងជួសជុលម៉ូតូកន្លែង បណ្តាលឲ្យមានអ្នករបួសធ្ងន់ស្រាលចំនួន៤នាក់ កាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពី សមត្ថកិច្ចបានបញ្ជាក់ប្រាប់ក្រុមការងារTVFB ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវតីម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាប៊ីត ពណ៌ខៀវលាយស ពាក់ផ្លាកលេខ ភ្នំពេញ 1IM-6409 ដឹកកុមារីដែលត្រូវជាប្អូនស្រី ចេញពីផ្ទះទៅប្រលងនៅសាលាប៊ែលធី ច្រមុះជ្រូកស្ទឹងមានជ័យ ក្នុងទិសដៅពីត្បូងទៅជើង ស្របពេលនោះស្រាប់តែមានយុវជនម្នាក់ទៀត ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IM-4814 បើកបរស្របទិសដៅគ្នា ក្នុងល្បឿនលឿន បានវ៉ាខាងស្តាំបានទាក់ដៃចង្កូតជាមួយនឹងម៉ូតូ ហុងដាប៊ីត ជ្រុលទៅបុកក្មេងប្រុសម្នាក់ ដែលកំពុងតែជួសជុលម៉ូតូ ជាមួយនឹងឪពុក បណ្តាលឲ្យរងរបួសធ្ងន់ ។ ចំណែកក្មេងស្រីនិងយុវតីដែលជាម្ចាស់ម៉ូតូប៊ីតខាងលើ រងរបួសស្រាលទាំង២នាក់។
ដោយឡែកក្មេងប្រុសដែលរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្រ្គោះភ្លាមៗ ។ ចំណែក ក្មេងស្រី និងកុមារីរងរបួសស្រាល បានលើកម៉ូតូចេញពីកន្លែងកើតហេតុ ប្រញាប់ដឹកក្មេងស្រីទៅប្រលងផង មិនបានទាមទារសំណងអ្វីនោះទេ។
ក្រោយពេលកើតហេតុសមត្ថកិច្ច មូលដ្ឋានប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី២ បានចុះមកដល់កន្លែងកើតហេតុ ដើម្បីឲ្យខាងម្ចាស់ម៉ូតូហុងដាចរចារជាមួយអាណាព្យាបាលជនរងគ្រោះ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕ មេសា