រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលទាំងយប់មួយបានកើតឡើង ខណៈរថយន្តស៊េរីទំនើប Mclaren របស់អ្នកលក់ឡេដ៍ល្បី ក្នុងបណ្តាញសង្គម គឺអ្នកនាង អាជី ឡេឌ័រ ដែលទើបនឹងទិញថ្មី តម្លៃជាង៣០ម៉ឺនដុល្លារអាមេរិច បានជួបគ្រោះថ្នាក់ចរាចរណ៍ជាមួយនឹងរថយន្ត ម៉ាក Ford មួយគ្រឿងទៀត បណ្តាលឲ្យរងការខូចខាតទាំងសងខាង តែគ្មានអ្នករបួសអ្វីនោះទេ ប៉ុន្តែអ្វីដែលមហាជនមានការចាប់អារម្មណ៍ខ្លាំងនោះ នៅក្នុងហេតុការណ៍នេះ ភាគីទាំងសងខាង បានព្យាយាមនិយាយរកត្រូវ រាងៗខ្លួន កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ នៅចំណុច មុខបុរីអ័រគីដេ តាមបណ្តោយផ្លូវ២០០៤ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីអាជី ដែលជាអ្នកបើករថយន្ត ស៊េរីទំនើប Mclaren ពណ៌បៃតង ពាក់ស្លាកលេខ កម្ពុជា AHGI 9899 បានប្រាប់TVFB ឲ្យដឹងថា រថយន្តនេះទើបនឹងទិញថ្មីបាន១ខែប៉ុណ្ណោះ តម្លៃជាង ៣០ម៉ឺនដុល្លារ ហើយមុនពេលកើតហេតុ គាត់បានបើករថយន្តពីផ្លូវ២០០៤ ចុះមក ស្រាប់តែមានរថយន្តFord បើកនៅពីមុខរថយន្ត ជ្រេពេញផ្លូវតែម្តង រហូតអាជី សម្រេចចិត្តចុះពីលើរថយន្តសួរថា អ៊ីមានប័ណ្ណបើកបរឬអត់ បានជាបើកជ្រេគេឯងពេញផ្លូវបែបនេះ បើកប៉ះគេប៉ះឯង នឹងមានបញ្ហា លុះដល់ចំណុចកើតហេតុ អាជីបានបើករថយន្ត Mclarenនេះ វ៉ារថយន្តFord ខាងមុខ តែដោយសារមានPass App នៅខាងមុខ គាត់ក៏បានស៊ីផ្លេរថយន្ត រថយន្តFordនោះក៏បានងាកផុតហើយ ជិតផុតគូទរថយន្តទៅហើយស្រាប់តែរថយន្តFordនោះ បុកគូទរថយន្តគាត់ចំហៀងខាងឆ្វេង រងការខូចខាតតែម្តង ហើយថែមទាំងថាឲ្យអាជីទៀតថា ខ្លួនយកក្បាលឡាននេះ មកខោក ក្បាលរថយន្តរបស់គាត់ទៅវិញ ។
ចំណែកស្ត្រីដែលជាអ្នកបើករថយន្តFord ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BB-5295 ឯណោះវិញបានបញ្ជាក់ប្រាប់TVFB ឲ្យដឹងថា រថយន្តគាត់ធ្វើដំណើរតាមបណ្ដោយផ្លូវ ២០០៤ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនមធ្យម បើកធម្មតាទេនៅខាងឆ្វេង តែរថយន្ត ស៊េរីទំនើប Mclaren នេះបានបើកវ៉ាគាត់នៅខាងស្តាំ ហើយវ៉ាមិនផុត បានតែពាក់កណ្តាល យកចង្កូតចូលលឿនពេក ក៏មកបុកជាមួយនឹងរថយន្តគាត់តែម្តង ។
ទោះបីជាយ៉ាងណា ជុំវិញករណីនេះ គ្រាន់តែរងការខូចខាតរថយន្តទាំងសងខាងតែប៉ុណ្ណោះ តែគ្មាននរណាម្នាក់ រងរបួសអ្វីនោះទេ ដោយភាគីម្ចាស់រថយន្តទាំងខាងខាង បានព្យាយាមជជែកគ្នារកត្រូវរាងខ្លួន ចុងក្រោយដោយសារតែចរចារគ្នាមិនត្រូវ ភាគីទាំងសងខាង ក៏ប្រគល់រថយន្តឲ្យសមត្ថកិច្ចចរាចរណ៍ជំនាញ ធ្វើការវាស់វែង យកទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត ៕