រាជធានីភ្នំពេញ ៖ រថយន្តយីឌុប ម៉ាកហ៊ីណូមួយគ្រឿង ជាប្រភេទរថយន្តដឹកកៅស៊ូខ្មៅសម្រាប់ចាក់ក្រាលផ្លូវ គេចពីឧបសគ្គនៅខាងមុខ ជ្រុលចង្កូតក្រឡាប់ធ្លាក់ផ្លូវទាំងព្រឹកតែម្តង តែសំណាងណាស់ គ្មាននរណាម្នាក់ រងរបួសនោះទេ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចផ្លូវលេខ១០៤ ផ្លូវលេខ២០A សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តយីឌុប ម៉ាកហ៊ីណូមួយគ្រឿង ជាប្រភេទរថយន្តដឹកកៅស៊ូខ្មៅសម្រាប់ចាក់ក្រាលផ្លូវ ដែលពាក់ស្លាកលេខ ព្រះសីហនុ 3A-8362 បើកបរតាមបណ្តោយផ្លូវលេខ១០៤ ពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានឧបសគ្គនៅខាងមុខ ទើបអ្នកបើកបររថយន្តខាងលើ បានព្យាយាមកាច់ចង្កូតគេច មកខាងស្តាំដៃ ធ្លាក់ផ្លូវក្រឡាប់ផ្ងារជើងតែម្តង ប៉ុន្តែសំណាងណាស់គ្មានអ្នករងរបួសនោះទេ ហើយក៏មិនបានប៉ះពាល់ដល់ទ្រព្យសម្បត្តិ៍របស់អ្នកដ៍ទៃនោះដែរ ទើបសមត្ថកិច្ចអនុញ្ញាតឲ្យភាគីរថយន្តខាងលើ ស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯង ៕ មេសា